(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា ទីណាក៏ដោយឱ្យតែមានសហរដ្ឋអាមេរិកលូកដៃ ទីនោះតែងតែជួបភាពចលាចល និងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
លោក Zarif ធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉ែអូ ដែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលបំពេញទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបថា ទីក្រុងវ៉ាស៊ីនតោននឹងកម្ចាត់ឥទ្ធិពលអ៊ីរ៉ង់ឱ្យអស់ចេញពីប្រទេសស៊ីរី។ មិនតែប៉ុណ្ណោះលោក ប៉ុមប៉េអូ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងមិនផ្ដល់ជំនួយកសាងប្រទេសឡើងវិញ ដល់តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ ជាដាច់ខាតរហូតទាល់តែអ៊ីរ៉ង់ដកខ្លួនចេញពីស៊ីរីជាមុនសិន។
តែយ៉ាងណាក៏ដោយជាការឆ្លើយតបថ្លែងនៅលើ Twitter រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Zarif បាននិយាយបែបចំអកដាក់លោក ប៉ុមប៉េអូ វិញថាទីណាក៏ដោយឱ្យតែមានសហរដ្ឋអាមេរិកលូកដៃ ទីនោះតែងតែជួបភាពចលាចល និងសង្រ្គាម។ លោក Zarif បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពេលណាក៏ដោយ និងនៅទីណាក៏ដោយឱ្យតែមានសហរដ្ឋអាមេរិកលូកដៃ ទីនោះតែងតែជួបភាពចលាចល ការគាបសង្កត់ និងសង្រ្គាម ជានិច្ច... ដូច្នេះគ្មានថ្ងៃទទួលយកគំរូសិទ្ធិមនុស្ស តាមសហរដ្ឋអាមេរិកឡើយ»។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៨ កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពអាមេរិកជាង ២,០០០នាក់ចេញពីស៊ីរីដោយអះអាងថា ក្រុម ISIS ត្រូវបានកម្ចាត់។ ប៉ុន្តែក្រោយការប្រកាសនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេម ម៉ាត់ទីស (James Mattis) បានសម្រេចចិត្តលាលែងចេញពីតំណែង រីឯបណ្ដាសម្ព័ន្ធមិត្តអាមេរិកជាពិសេសគឺបារាំងបានរិះគន់ លោក ត្រាំ យ៉ាងខ្លាំង ដោយសារសំអាងថា ការដកខ្លួនរបស់អាមេរិកអាចនឹងផ្ដល់ឱកាសឱ្យ ISIS ប្រមូលកម្លាំងឡើងវិញ ហើយរុស្ស៊ី និងអ៊ីរ៉ង់កាន់តែមានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា៕