(វ៉ាស៊ីនតោន)៖ បរិក្ខាយោធាមួយចំនួនរបស់កងទ័ពអាមេរិក ត្រូវបាននាំយកចេញពីប្រទេសស៊ីរីហើយ ក្នុងអំឡុងប៉ុន្មានថ្ងៃកន្លងទៅនេះ។ នេះបើតាមសេចក្តីរាយកាណ៍នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
ដំណឹងខាងលើត្រូវបានចុះផ្សាយដោយស្ថានីយទូរទស្សន៍អាមេរិក CNN ដែលទទួលបានព័ត៌មានពីមន្រ្តីក្នុងជួររដ្ឋាភិបាលអាមេរិកម្នាក់ ដែលមានចំណេះដឹងផ្ទាល់អំពីប្រតិបត្តិការនេះ ប៉ុន្តែមន្រ្តីរូបនេះមិនបានបង្ហើបប្រាប់ឲ្យដឹងពីព័ត៌មានលម្អិតអ្វីជាងនេះឡើយ ដូចជាថាតើបរិក្ខាយោធាទាំងនោះជាអ្វីខ្លះ ហើយត្រូវបានដឹកជញ្ជូនយកចេញតាមផ្លូវគោក ឬក៏ផ្លូវអាកាស។
គួរជម្រាបថា សកម្មភាពនេះទំនងធ្វើឡើងក្រោមគោលបំណង បង្ហាញពីដំណើរការទៅមុខជាបណ្តើរៗនៃគម្រោងដកទ័ពចេញពីស៊ីរី ពីសំណាក់ក្រសួងការពារជាតិអាមេរិក ដើម្បីឲ្យលោក ដូណាល់ ត្រាំ បានឃើញ។ បច្ចុប្បន្នកងទ័ពអាមេរិកប្រហែល ២,០០០នាក់ កំពុងឈរជើងនៅប្រទេសស៊ីរី ចំពោះផែនការដ៏ទ័ពចេញរបស់លោក ដូណាល់ ត្រាំ តែមិនដឹងថា នឹងត្រូវអនុវត្តន៍ពេលណាឲ្យជាក់លាក់នៅឡើយ៕