(យ៉ាងហ្គន)៖ តុលាការមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ បានច្រានចោលបណ្ដឹងឧទ្ធរណ៍របស់អ្នកកាសែតសារព័ត៌មាន Reuters ទាំង០២នាក់ ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ០៧ឆ្នាំ ពីបទរំលោភលើច្បាប់រក្សាការសំងាត់ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និងលោក ក្យរ សឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ត្រូវបានតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធគាររយៈពេល ៧ឆ្នាំកាលពីខែកញ្ញា ឆ្នាំ២០១៨ ពីបទរំលោភលើច្បាប់រក្សាការសំងាត់ជាតិ។ ប៉ុន្តែការសម្រេចចិត្តនេះត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំង ហើយវាក៏បានបង្កឱ្យមានសំណួរជាច្រើនផងដែរពាក់ព័ន្ធនឹងដំណើរការ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ខណៈមន្ត្រី ទូត និងក្រុមអង្គការសិទ្ធិមនុស្សអន្តរនានាចាត់ទុកថា ការចាប់ខ្លួន និងការកាត់ទោសអ្នកកាសែតទាំង ០២នាក់នេះ គឺជាការរំលោភលើសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា អ្នកកាសែតមកពីសារព័ត៌មាន Reuters ចំនួន ០២នាក់ខាងលើ ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួន នៅអំឡុងពេលពួកគេកំពុងដឹកនាំ ការយកព័ត៌មានបែបស៊ើបអង្កេត ជុំវិញការសម្លាប់រង្គាលលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine៕