(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបិទដំណើរការរដ្ឋាភិបាលដោយផ្នែក រហូតដល់ខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ការបិទរដ្ឋាភិបាលអាមេរិកដោយផ្នែករបស់លោក ដូណាល់ ត្រាំ បានបណ្ដាលឱ្យបុគ្គលិករដ្ឋរាប់ពាន់នាក់មិនទាន់មានប្រាក់ខែបើកនៅឡើយ ហើយវាក៏បានក្លាយជាការបិទរដ្ឋាភិបាលមានរយៈពេលយូរជាងគេ នៅក្នុងប្រវត្តិសាស្ត្រអាមេរិករួចទៅហើយ។ មិនតែប៉ុណ្ណោះលោក ត្រាំ ថែមទាំងបានព្រមានទៀតថា អាចនឹងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នខាងផ្នែកសន្តិសុខ ដើម្បីប្រើប្រាស់អំណាចជាប្រធានាធិបតីអាមេរិក សាងសង់ជញ្ជាំង ព្រំដែនដោយមិនចាំបាច់មានការអនុម័តពីសភាទៀតផង។
ជុំវិញវិបត្តិនេះដែរសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ គឺលោក លីនសី ក្រាហាម (Lindsey Graham) បានជម្រុញឱ្យលោក ដូណាល់ ត្រាំ បើដំណើរការរដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន។ ប៉ុន្តែមកទល់ពេលមិនទាន់មានការឆ្លើយតបណាមួយនោះឡើយ ខណៈលោកផ្ទាល់បានអះអាងថា សេតវិមានអាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នខាងសន្តិសុខ បើកិច្ចចរចាស្ដីពីការបិទរដ្ឋាភិបាលនៅតែបរាជ័យ។
គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាលអាមេរិក បានកើតមានឡើងបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានទាត់ចោលសំណើកញ្ចប់ថវិកាជាង ៥.៧ពាន់លានដុល្លាររបស់លោក ដូណាល់ ត្រាំ យកទៅសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានបញ្ជាក់ដែរថា នឹងមិនធ្វើការចរចាណាមួយលើកញ្ចប់ថវិកាសាងសង់ជញ្ជាំងព្រំដែននោះឡើយ បើលោក ត្រាំ មិនព្រមបើកដំណើរការឡើងវិញ៕