(ម៉ូស្គូ)៖ ការចំណាយ​ប្រាក់រាប់ពាន់លានដុល្លារ​អាមេរិករបស់​អង់គ្លេស ក្នុងការសាងសង់​កំពូលនាវាផ្ទុក​យន្ដហោះចម្បាំងថ្មី ០២គ្រឿង​ត្រូវបានគេ​មើលឃើញថា មានចេតនាប្រើប្រាស់​វាដើម្បីជួយ​សហរដ្ឋអាមេរិក ទប់ស្កាត់ឥទ្ធិពល​របស់រុស្ស៊ីនៅទ្វីប​អឺរ៉ុប និងពិភពលោក​ទាំងមូល។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

យោង​តាម Sputnik នាវាផ្ទុកយន្ដហោះ​ចម្បាំងទាំង ០២គ្រឿងខាងលើ ដែលនឹងត្រូវដាក់​ដំណើរក្នុងពេលអនាគត​ដ៏ខ្លីខាងមុននេះ គឺមានឈ្មោះថា HMS Queen Elizabeth និង HMS Prince of Wales ដែលមានតម្លៃសរុប​ជាង ៨ពាន់លានដុល្លារ ហើយវា​នឹងកើនតម្លៃជាងនេះទ្វេដង​ នៅពេល​ទីក្រុងឡុងដ៍ទិញ​យន្ដហោះ​ចម្បាំង​អាមេរិក F-35 មកបំពេញ​លើនាវាផ្ទុកយន្តហោះ​ចម្បាំងនេះ។ ប៉ុន្តែបើ​តាមអត្ថបទដែល​ចុះផ្សាយ​សារព័ត៌មាន​រុស្ស៊ីដដែល ការផលិតនាវា​ចម្បាំងទាំង ០២គ្រឿងនេះ មិនមែនគា្រន់តែ​ដើម្បីការពារខ្លួន​នោះទេ ពោលគឺក៏មាន​គោលបំណងប្រើប្រាស់​វាក្នុងការ ទប់ស្កាត់ការពង្រីក​ឥទ្ធិពលរបស់រុស្ស៊ី​នៅទ្វីបអឺរ៉ុប និង​នៅលើពិភពលោក​ទាំងមូលផងដែរ។

បើទោះជា​មានសម្ព័ន្ធភាពពិសេស ​ជាមួយសហរដ្ឋអាមេរិក​ក៏ដោយ ក៏អង់គ្លេសនៅតែមើលឃើញ​យ៉ាងច្បាស់ថា ក្នុងនាមជាប្រទេស​មហាអំណាច​មួយនឹងគេ មិនអាចពឹងផ្អែកទាំងស្រុង​តែលើសហរដ្ឋអាមេរិក​នោះទេ ស្របពេលចិន​ជាពិសេស​គឺរុស្ស៊ីបាននិងកំពុងបង្កើន​ការអភវិឌ្ឍសមត្ថភាពយោធា របស់ខ្លួនកាន់តែ​ខ្លាំងឡើងៗ ពីមួយឆ្នាំ​ទៅមួយឆ្នាំ។

គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះ​ចម្បាំងអង់គ្លេស​ទាំង ០២ខាងលើ ត្រូវបានរចនា​ឡើងឱ្យស្របទៅនឹងបច្ចេក​វិទ្យាយន្ដហោះចម្បាំង​អាមេរិក ព្រោះ ទីក្រុងឡុងដ៏​បានបញ្ចាទិញយន្ដហោះ​ចម្បាំងអាមេរិក F-35B ចំនួន ៤៨គ្រឿង​ពីក្រុមហ៊ុន​ផលិតសព្វាវុធអាមេរិក Lockheed Martin ដើម្បី​បំពេញប្រតិបត្តិការលើនាវាចម្បាំងរបស់​ខ្លួន ព្រមទាំងមាន​ផែនការទិញ​យន្ដហោះ F-35 សរុប​រហូតដល់ ១៣៨គ្រឿង​ឯណោះ។ យន្ដហោះ​អាមេរិក​ស៊េរី F-35 មួយគ្រឿង​គឺមានតម្លៃ ១០០លានដុល្លារ៕