(កង់បេរ៉ា)៖ ​ប្រមុខការទូត​អូស្រ្តាលីបានសម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ជុំវិញគម្រោង​របស់​សហរដ្ឋ​អាមេរិក​​ក្នុងការដកទ័ព ​ចេញ​ពីប្រទេសអាហ្វ​ហ្គា​នីស្ថាន​ ខណៈអតីត​មេបញ្ជាការ​យោធាអូស្រ្តាលីម្នាក់​បានលើកឡើងថា ​ភាព​​ស្រពិចស្រពិល​​នៃ​ការ​ប្តេជ្ញា​របស់ទីក្រុង​វ៉ាស៊ីនតោន ចំពោះតំបន់​មជ្ឈិមបូព៌ា គួរតែជំរុញឲ្យទីក្រុង​កង់បេរ៉ាគិតគូរឡើងវិញ​ អំពី​សម្ព័ន្ធភាព​​រវាង​​ប្រទេស​​ទាំងពីរ​។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​ចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

កាលពីខែធ្នូ​កន្លងទៅ សារព័ត៌មា​នអាមេរិក​បានចេញផ្សាយថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កំពុងត្រៀមរៀបចំ​កាត់បន្ថយកងទ័ព​​ប្រមាណ ១៤,០០០នាក់ ដែលមានវត្តមាន​នៅអាហ្វហ្គានីស្ថាន​ ចំនួនពាក់​កណ្តាល។ ជុំវិញផែនការ​នេះ រដ្ឋមន្រ្តីការបរទេស​អូស្រ្តាលី លោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានលើកឡើងថា វានឹងជា​បញ្ហាគួរ​ឲ្យបារម្ភ​ខ្លាំងសម្រាប់​អូស្រ្តាលី ប្រសិនបើដៃគូ​សំខាន់ៗរបស់​ខ្លួន សម្រេចផ្លាស់ប្តូរ​ជំហររបស់​ពួកគេ។

ជាមួយគ្នានេះ លោក ភីធើ លាហ៊ី (Peter Leahy) ដែលធ្លាប់កាន់តួនាទី​ជាអគ្គមេបញ្ជាការយោធា​អូស្រ្តាលី កាលពីឆ្នាំ២០០២ រហូតដល់ឆ្នាំ​២០០៨ បាននិយាយថា ​ដោយសារភាពមិន​ច្បាស់លាស់​ជុំវិញការប្តេជ្ញាចិត្ត​ទៅថ្ងៃខាងមុខ របស់អាមេរិក​ចំពោះ​មជ្ឈិមបូព៌ា អូស្រ្តាលីគួរ​ឲ្យពិចារណាឡើងវិញ​ អំពីភាពជាសម្ព័ន្ធមិត្ត​នៃប្រទេស​ទាំងពីរ។

លោក Leahy បានលើក​ឡើងយ៉ាងដូច្នេះថា «ប្រសិនបើយើងស្ថិត​ក្នុងស្ថានការណ៍មួយ ដែលយើងបានធ្វើ​ការប្តេជ្ញាយ៉ាង​មុតមាំ ប៉ុន្តែសហរដ្ឋអាមេរិកវិញ​បែរជាផ្លាស់ប្តូរ​​យុទ្ធសាស្រ្ត​របស់ពួកគេ​ស្ទើរតែតាមចិត្តរបស់​លោក ដូណាល់ ត្រាំ ទាំង​ស្រុងនោះ តើពួកយើង​គួរធ្វើបែបណា។ អូស្រ្តាលីត្រូវគិតគូរ​​អំពី​​ភាពគួរឲ្យទុកចិត្ត​​បាន​របស់​អាមេរិកសម្រាប់​រយៈពេលវែង​ ក្នុង​នាមជា​សម្ព័ន្ធមិត្ត​នឹងគ្នា»។

គួរជម្រាបថា ក្រៅពីអាហ្វហ្គានីស្ថាននេះ​លោក ត្រាំ ក៏កំពុងអនុវត្តន៍ផែនការ​ដកកងទ័ពប្រមាណ ២,០០០នាក់ ដែលកំពុងឈរ​ជើង​នៅ​ប្រទេស​ស៊ីរីផងដែរ៕