(តេហេរ៉ង់)៖ មនុស្សយ៉ាងហោច​ណាស់ ១៥នាក់ បានស្លាប់​នៅក្នុងករណីធ្លាក់​យន្ដហោះដឹក​ជញ្ជូន Boeing 707 នៅឯទីក្រុង​ខារ៉ាច (Karaj ) ស្ថិតនៅ​ភាគឦសានប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់​នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយវាបានបុកចំ​លំនៅឋាន​ប្រជាជន​មួយខ្នងផងដែរ។ នេះបើតាម IRNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងទៀតថា យន្ដហោះខាង​មានផ្ទុកមនុស្ស ១៦នាក់ និងទំនិញជាច្រើន​បានធ្លាក់ចំតំបន់​ទីប្រជុំជនមួយ កន្លែង​ចំងាយ ៤៥គីឡូម៉ែត្រ​ពីទីក្រុងតេហេរ៉ង់។ យន្ដហោះ Boeing 707 នេះបានធ្វើ​ដំណើរចាកចេញ​ពីទីក្រុង ប៊ីសខិក (Bishkek) នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ក្នុងគោល​បំណងដឹកសាច់រាប់តោន​ទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាគឺជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុន អាកាសចរណ៍​កៀហ្ស៊ី (Kyrgyz airline)។

គួរជម្រាបថា វិស្វករយន្តហោះតែម្នាក់ប៉ុណ្ណោះ​ត្រូវបានគេ​អះអាងថា នៅមានជីវិតតែស្ថិត​ក្នុងស្ថានភាព​​របួសធ្ងន់ធ្ងរ ខណៈអាជ្ញាធរអ៊ីរ៉ង់​សន្មត់ជាបឋមថា អាកាសធាតុអាក្រក់​អាចជាមូលហេតុនៃគ្រោះ​ថ្នាក់ធ្លាក់​យន្ដហោះ​នេះ ព្រោះយន្តហោះ​ហាក់​ដូចជាបាន​ចុះខុសផ្លូវ រួចរអិល​​ទៅបុករបង​ព្រលាន ហើយធ្លាយ​ទៅជល់នឹងផ្ទះ​​ប្រជាជនមួយ​ខ្នងទៀត។ ក្រុម​សង្គ្រោះ​ក៏បានធ្វើការពិនិត្យផ្ទះ​របស់ប្រជាជន ដែលត្រូវបានយន្តហោះបុកចំផងដែរ ប៉ុន្តែ​ផ្ទះនោះ​ពុំមានមនុស្សរស់នៅ​នោះឡើយ​នៅពេលកើតហេតុ៕