(វ៉ាស៊ីនតោន)៖ ក្រុមទីប្រឹក្សាសន្តិសុខជាតិសេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមនី្ទរបញ្ចកោណផ្ដល់ជម្រើស ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីជនសកម្មប្រយុទ្ធមួយក្រុមមានសម្ព័ន្ធភាពជាមួយនឹងអ៊ីរ៉ង់ បាញ់គ្រាប់រ៉ុក្កែតចូលក្នុងតំបន់បវេណនៃ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពដែលសារព័ត៌មានអាមេរិក Wall Street Journal ទទួលបាន ក៏ឱ្យបានដឹងដែរថាបញ្ចកោណ បានបង្កើតជម្រើសជាច្រើនឆ្លើយតបតាមសំណើរបស់ក្រុមប្រឹក្សាសនិ្តសុខជាតិសេតវិមានហើយ។ ប៉ុន្តែទន្ទឹមគ្នា ពុំទាន់មានការបញ្ជាក់ណាមួយ ថាជម្រើសទាំងនេះត្រូវបានផ្ដល់ឱ្យសេតវិមាន ឬប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដឹងពីសំណើបើកការវាយប្រហារលើអ៊ីរ៉ង់ នេះដែរឬក៏យ៉ាងនោះទេ។

គួរបញ្ជាក់ថា សំណើឱ្យមនី្ទរបញ្ចកោណផ្ដល់ជម្រើស ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់កើតមានឡើង បន្ទាប់ពីជនសកម្មប្រយុទ្ធមួយក្រុមមាន សម្ព័ន្ធភាពជាមួយនឹងអ៊ីរ៉ង់ បាញ់គ្រាប់រ៉ុក្កែត៣គ្រាប់ចូលក្នុងតំបន់បវេណនៃ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ ម្យ៉ាងវិញទៀត បើទោះជា វាមិនបានបង្កខូចខាត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ តែទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោស និងព្រមានចាត់វិធានការឆ្លើយចំពោះអ្នកនៅពីក្រោយខ្នងការវាយប្រហារនេះ៕