(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo នៅថ្ងៃអង្គារនេះ បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹង បើកកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុង ចុល ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ ឬនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះ បើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
Chosun Ilbo ផ្អែកលើប្រភពទូតមិនបញ្ចេញអត្តសញ្ញាណដែលខ្លួនទទួលបាន ក៏បានបញ្ជាក់ដែរថា លោក គីម យ៉ុង ចុល អាចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែ នៅពេលត្រូវបានសាកសួរពីព័ត៌មាននេះ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បានអះអាងថាខាងក្រសួងមិនទាន់មានកិច្ចប្រជុំណាមួយត្រូវប្រកាសនៅឡើយទេ ខណៈសេតវិមានបានបដិសេធឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសេចក្ដីរាយ ការណ៍ដាច់ដោយឡែកមួយទៀតថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់រៀបចំជំនួបកំពូលជាលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាម នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ រីឯទីក្រុងព្យុងយ៉ាងក៏កំពុងពិចារណាលើសំណើ នេះដែរ៕