(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនមែនជាភ្នាក់ងារហើយក៏មិនដែលធ្វើការងារឱ្យរុស្ស៊ីម្ដងណាដែរ។ ការលើកឡើងបែបនេះរបស់លោក ត្រាំ គឺជាការឆ្លើយតបទៅនឹងបណ្ដាសារព័ត៌មានអាមេរិកធំៗមួយចំនួន ដែលបានចុះផ្សាយថា ប៉ូលិស FBI បានបើកការស៊ើបអង្កេតជាសំងាត់លើទំនាក់ទំនងរវាងលោក និងរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំមិនមែនជាភ្នាក់ងារ ហើយក៏មិនដែលធ្វើការងារឱ្យរុស្ស៊ីម្ដងណាដែរ... ដូច្នេះវាគឺជារឿងដ៏អាម៉ាស់បំផុត ដែលអ្នកទាំងអស់គ្នាសួរសំណួរទាំងនេះមកកាន់ខ្ញុំ។ វាគឺជាព័ត៌មានមិនពិតទាំងអស់»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសារព័ត៌មានអាមេរិក Washington Post បានចុះផ្សាយថា លោក ដូណាល់ ត្រាំ បានបិទបាំងព័ត៌មានមួយចំនួន នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨។ ចំណែកឯសារព័ត៌មាន New York Times ក៏បានរាយការណ៍ដែរថា ប៉ូលិសអាមេរិក FBI បានបើកការស៊ើបអង្កេតជាសំងាត់មួយលើប្រធានាធិបតីអាមេរិករូបនេះ ដើម្បីស្វែងរកការពិតថា តើលោកធ្លាប់បានធ្វើការងារឱ្យរុស្ស៊ីដែរ ឬមួយក៏អត់៕