(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានហៅប្រធានាធិបតីប្រេស៊ីល លោក ហ្សៃ បូលសូណារ៉ូ (Jair Bolsonaro) ថា «ជនផ្ដាច់ការ អាដុល ហ៊ីធ្លែរ (Adolf Hitler) ទី២ក្នុងសម័យទំនើប បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ប្រេស៊ីឡា (Brasilia) ប្រកាសទទួលស្គាល់ជាផ្លូវការមេបក្សប្រឆាំងម្នាក់ជាមេដឹកនាំ ជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
រដ្ឋាភិបាលប្រេស៊ីលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ បានប្រកាសទទួលស្គាល់ប្រធានសភាជាតិវេណេស៊ុយអេឡា ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្របច្បាប់ ក្រោយលោក ម៉ាឌូរ៉ូ បានឡើងស្បថកាន់តំណែងជាប្រធានាធិបតីថ្មីក្នុងអណត្តិទី ២ របស់លោក ដែលត្រូវបានបណ្ដាប្រទេសលោកខាងលិចបដិសេធទទួលស្គាល់។
តែទោះជាយ៉ាងនេះក្ដី នៅក្នុងសុន្ទករថាមួយនៅថ្ងៃចន្ទសប្ដាហ៍ លោក ម៉ាឌូរ៉ូ បានហៅលោក Bolsonaro ចំៗថាជា ហ៊ីធ្លែរទីពីរ ដែលគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា ជាអតីតមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ដ៏ល្បីល្បាញបំផុត ប្រចាំសង្គ្រាមលោកលើកទី២។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រេស៊ីលកំពុងស្ថិតនៅ ក្នុងដៃរបបហ្វាស៊ីសសាជាថ្មី... ដូច្នេះខ្ញុំហ៊ាននិយាយថា Bolsonaro គឺជា Hitler ទី២ក្នុងសម័យទំនើបនេះ»។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Guaido បាននិយាយថា លោកមានបំណងកាន់តំណែងជាប្រធានាធិបតីវេណេស៊ុយអេឡា ក្រោយមេដឹកនាំបក្សប្រឆាំងទូប្រទេសចាត់ទុកថា ការឡើងស្បថកាន់តំណែងរបស់លោក ម៉ាឌូរ៉ូ គឺជាទង្វើផ្ទុយនឹងច្បាប់ ដ្បិតការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៨ ប្រព្រឹត្តទៅមិនត្រឹមត្រូវតាមច្បាប់ និងមានពហិកាពីគណបក្សប្រឆាំង៕