(កាណាដា)៖ ក្រុមគ្រួសារ​​សាច់ញាតិនៃបុរសជនជាតិ​កាណាដាម្នាក់ ដែល​ត្រូវបាន​តុលាការចិន​សម្រេច «ផ្តន្ទាទោស​ប្រហារជីវិត» នោះ​បាន​​​និយាយថា ទីបំផុត​ការភ័យខ្លាចបំផុតរបស់ពួកគេ​ បានក្លាយជាការពិតហើយ។ ម៉្យាងវិញទៀត ទំនាក់ទំនង​​រវាង​ប្រទេស​ទាំង​​ពីរ​​អាច​នឹង កាន់តែធ្លាក់ចុះដុនដាប​ថែមទៀតដោយសារ​តែរឿងនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​សារ​ព័ត៌​មាន BBC នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

លោក រ៉ូប៊ឺត ឡយដ៍ ស្គែលឡិនប៊ឺក (Robert Lloyd Schellenberg) ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែនៅថ្ងៃ​​ចន្ទ​សប្តាហ៍នេះ តុលាការចិន​បានលើកឡើងថា ការផ្តន្ទាទោស​កាល​នោះដូចជាធូរស្រាល​ពេក សម្រាប់បទ​ល្មើសរត់ពន្ធ​គ្រឿង​​ញៀនបែបនេះ។

លោកស្រី ឡូរី ណែលសុន ចូណែស (Lauri Nelson-Jones) ដែលត្រូវជាមីងរបស់​ជនជាប់ចោទ​បាននិយាយថា «វាជាស្ថានការណ៍​អាក្រក់ ​និងគួរឲ្យ​សោក​ស្តាយ​មួយ ហើយភាពភ័យ​ខ្លាចអាក្រក់បំផុតរបស់​ពួកយើង បានក្លាយជា​ការពិត​ហើយ។ ខ្ញុំពិតជា​ពុំអាចស្រមៃ​បានថា​ ក្មួយ​របស់​ខ្ញុំ​កំពុង​មានអារម្មណ៍បែបណា​ឡើយនាពេល​នេះ»

ជុំវិញរឿងនេះ​នាយករដ្ឋមន្រ្តី​កាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានថ្កោលទោសជាខ្លាំង ចំពោះ​ការកាត់ទោស​នេះ​ដោយនិយាយ​ថា «វាគឺជា​ការព្រួយ​បារម្ភធំមួយសម្រាប់​យើង​ក្នុងនាម​ជា​រដ្ឋាភិបាល ហើយសម្ព័ន្ធមិត្ត​របស់យើងព្រមទាំងអន្តរជាតិ ក៏គួរតែបារម្ភដូចគ្នាដែរ ចំពោះការដែលប្រទេសចិន បានជ្រើសរើសចាប់ផ្តើមអនុវត្តន៍ច្បាប់​ប្រហារជីវិតតាមតែអំពើចិត្ត»

គួរជម្រាបថា បើតាមទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Schellenberg មានរយៈពេល ១០ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ការ​សម្រេច​របស់តុលាការ​ចិន។ សំណុំរឿង​​របស់លោក Schellenberg ដែលត្រូវអាជ្ញាធរ​ចិនចាប់ខ្លួនកាល​ពីឆ្នាំ២០១៤ ពី​បទ​​រត់ពន្ធ​​គ្រឿងញៀន​មេតាំហ្វេតា​មីន​ទម្ងន់ ២២៧គីឡូក្រាម ពីចិនទៅ​អូស្រ្តាលីនោះ សុខៗក៏ត្រូវ​បានពិនិត្យឡើងវិញ​សាជាថ្មី​ម្តង​ទៀត បន្ទាប់កាណាដា​បានចាប់ខ្លួន​​​នាយកហិរញ្ញវត្ថុក្រុមហ៊ុនទូរគមនាគមន៍ចិន តាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យ​​ទីក្រុង​ប៉េកាំង​មានការមិនពេញ​ចិត្តជា​ខ្លាំង៕