(ម៉ូស្គូ)៖ ក្រសួងការពារជាតិ​អាមេរិក​បានសម្រេចបន្តបេសកកម្ម​យោធា នៅ​តាម​បណ្តោយ​ព្រំដែន​ភាគខាងត្បូង​​ជាប់​​ប្រទេស​ម៉ិច​ស៊ីកូ រហូតដល់ចុង​ខែកញ្ញា។ នេះបើតាមការដក​ស្រង់ការ​ផ្សាយចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការពារជាតិ​ស្តីទី​អាមេរិកលោក ផាត សាណាហាន (Pat Shanahan) បានអនុញ្ញាតឲ្យ​បន្ត​បេសកកម្មគាំទ្រ​​របស់ក្រសួង​ការពារ​ជាតិ​​ សម្រាប់​​ក្រសួងសន្តិសុខជាតិ​រហូតដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្នុងនោះ​រួមមានការពង្រឹង​សន្តិសុខ​នៅតាមច្រក​ចេញ​ចូលព្រំដែន ការល្បាត និងការបំពាក់​រនាំងលួសនៅចន្លោះ​ច្រកចេញទាំង​នោះ​ជាដើម។

គួរជម្រាបថា ជនភៀសខ្លួន​ចន្លោះ​ពី ៦,០០០-៩,០០០នាក់ ​ដែលមកពី​​ប្រទេសហុងឌូរ៉ាស់ ហ្គាតេម៉ាឡា និងអែលសាវ៉ាឌ័រ កំពុង​ជ្រក​កោន​​ជាបណ្តោះអាសន្ន​នៅក្នុងទីក្រុង ទីជូអាណា (Tijuana) និង​ក្រុង ម៉ិចស៊ីខាលី (Mexicali) របស់ម៉ិចស៊ីកូជាប់សហរដ្ឋអាមេរិក ខណៈអាមេរិក​​បានដាក់​ពង្រាយកងទ័ព​ជាច្រើននាក់ នៅព្រំដែនភាគខាងត្បូង​របស់ខ្លួន ដោយសារ​ការព្រួយបារម្ភផ្នែក​សន្តិសុខ៕