(ឡុងដ៍)៖ សមាជិសភា​អង់គ្លេសកំពុង​ត្រៀមខ្លួន ចូលរួមក្នុង​ការបោះឆ្នោតមួយថា តើត្រូវគាំទ្រកិច្ចព្រមព្រៀងចាកចេញពី​សហភាពអឺរ៉ុប ឬ Brexit របស់លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ដែរឬក៏យ៉ាងណា ខណៈអ្នកនយោបាយអង់គ្លេសមួយចំនួន កំពុងស្នើឱ្យ​មានការបោះឆ្នោត​ប្រជាមតិ​ជាលើកទី ២។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

ការបោះឆ្នោតអនុម័ត​ខាងលើដែលត្រូវបាន​គេចាត់ទុកថា «ជាការបោះឆ្នោតដ៏សំខាន់» នឹងត្រូវធ្វើ​ឡើងនៅ​ថ្ងៃអង្គារនេះ (ម៉ោងនៅ​ទីក្រុងឡុងដ៍) ពោលគឺបន្ទាប់​ការជជែកដេញ​ដោល​រយៈពេល ០៥ថ្ងៃ ត្រូវបិទបញ្ចប់ប៉ុន្មាន​ម៉ោង​ទៀតនេះ។ ដោយឡែក​មុនការបោះឆ្នោត​នេះដែរ លោកស្រី Theresa May បានអំពាវនាវ​ឱ្យអ្នក​នយោបាយ និងសមាជិក​សភាអង់គ្លេសទាំង​អស់ គំាទ្រកិច្ចព្រមព្រៀងរបស់​លោកស្រី បើពុំដូច្នោះទេ​ការបែក​បាក់រវាង​អ្នកនយោបាយ និងប្រជាជនអ​ង់គ្លេសនឹង​ផ្ទុះឡើង។

ប៉ុន្តែទន្ទឹមគ្នា សមាជិកខ្លះ​​នៃគណបក្សរបស់​​លោកស្រី May ផ្ទាល់ត្រូវបាន​​គេរំពឹងថា អាចនឹងចូលរួម​ជាមួយក្រុមគណបក្ស​ប្រឆាំង ដើម្បីបោះឆ្នោត​ប្រឆាំងនឹងកិច្ចព្រមព្រៀង​ស្ដីពី Brexit របស់​លោកស្រី។ មិនតែ​ប៉ុណ្ណោះ​ក្រុមសមាជិកសភា​ទាំងនេះ ក៏ទំនងជាអាច​នឹងស្នើឱ្យ មានការធ្វើ​វិសោធនកម្មច្បាប់ ដើម្បី​ផ្លាស់ប្ដូរកិច្ចព្រមព្រៀងនេះ​ផងដែរ មុននឹងការបោះឆ្នោត​ត្រូវចាប់ផ្ដើម​ធ្វើឡើង (នៅម៉ោង ១៩៖០០ GMT)។

គួរបញ្ជាក់ថា បើតាមការ​គ្រោងទុក ចក្រភពអង់គ្លេស​នឹងត្រូវចាកចេញពីសហភាពអឺរ៉ុប​នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ។ ប៉ុន្តែបើគ្មានការ​អនុម័ត​ពីសភា​នោះ អង់គ្លេស​នឹងត្រូវចាកចេញពីប្លុក​មួយនេះ ដោយគ្មាន​កិច្ច​ព្រមព្រៀង ប៉ុន្តែរឿងនេះ​​ទំនង​​ជាមិនអាច​កើត​មានឡើង​នោះ​ឡើយ៕