​(អាហ្វហ្កានីស្ថាន)៖ បេក្ខជនម្នាក់​ក្នុងកម្មវិធីប្រឡងជ្រើសរើស​តារាចម្រៀង នៅប្រទេស​អាហ្វហ្គានីស្ថាន កំពុងមានភាពល្បីល្បាញ​យ៉ាងខ្លាំងនៅលើ​បណ្ដាញទំនាក់ទំនង​សង្គម ដោយសារតែមាន​មុខមាត់ស្រដៀងគ្នា​ ទៅនឹងនាយករដ្ឋមន្ត្រី​កាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) រហូតដល់មាន​អ្នកខ្លះដាក់ឈ្មោះ​ឱ្យគាត់ថា Justin Trudeau អាហ្វហ្គានីស្ថានថែមទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC ​នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

លោក អាប់ឌុល សាឡេម ម៉ាហ្វធូន (Abdul Salam Maftoon) មានអាយុ ២៩ឆ្នាំ មកពីតំបន់​ភាគឦសាននៃប្រទេស​អាហ្វហ្កានីស្ថាន កំពុងចូលរួមប្រកួត​ប្រជែង​ក្នុងកម្មវិធី Afghan Star ហើយនៅពេលនេះ​លោកកំពុងស្ថិតនៅ​ក្នុងចំណោមបេក្ខជន ០៨នាក់ចុងក្រោយ។ ប៉ុន្តែ​តាមរយៈប្រជាប្រិយភាព ដោយ​មានមុខមាត់សង្ហា​ដូច​លោក Trudeau លោក Maftoon ក៏ត្រូវបាន​គេរំពឹងដែរ​ថា នឹងជាប់ទៅវគ្គបន្តទៀត។

ចំពោះមុខសារព័ត៌មាន​បារាំង AFP លោក Maftoon បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនបាន​ដឹង ឬក៏ស្គាល់​លោក Justin Trudeau ទាល់តែសោះ រហូតខ្ញុំបាន​ឃើញរូបភាពរបស់​ខ្ញុំ និងគាត់ នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម... ហើយតាម​រយៈភាពស្រដៀងគ្នា​នេះ ខ្ញុំអាចនឹងមាន​ឱកាស ៥០ភាគរយ នឹងអាច​ឈាន​ចូលជុំបន្ត»

គួរបញ្ជាក់ថា អ្នកលេងបណ្ដាញ​ទំនាក់ទំនងសង្គមនៅក្នុងប្រទេស​អាហ្វហ្កានីស្ថាន បានបង្ហោះរូបភាព​ប្រៀបធៀបរវាង លោក Abdul Salam Maftoon លោក Justin Trudeau ជាច្រើនសន្លឹក នៅមុនពេលកម្មវិធីប្រឡង​ជ្រើសរើសតារាចម្រៀង​អាហ្វហ្កានីស្ថាន ឈានចូលវគ្គ​ផ្ដាច់ព្រ័ត​នៅ​ថ្ងៃទី២១ ខែមីនា ក្រោយនេះ៕