(វ៉ាស៊ីនតោន)៖ សារព័ត៌មាន​អាមេរិក​មួយបានរាយការណ៍ថា ប្រធានាធិបតី​​អាមេរិក​លោក ដូណាល់ ត្រាំ ទើបតែបានបញ្ជូន​លិខិតមួយច្បាប់កាលពីចុង​សប្តាហ៍មុននេះ ជូន​ប្រមុខដឹកនាំ​កំពូលផុតលេខ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយព័ត៌មាន​​អំពីរឿង​នេះ ទើបតែត្រូវបាន​ចេញផ្សាយប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មាន​អាមេរិក CNN បានរាយការណ៍​​បន្តទៀតថា បើតាមប្រភព​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះនោះ លិខិតរបស់​លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូន​តាមជើងហោះហើរ​​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង និងបានប្រគល់ដល់ដៃ​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផ្ទាល់តែ​ម្តង។ មន្ត្រីសុំមិន​បញ្ចេញឈ្មោះ​ខាងលើនេះ​ពុំបាន​បញ្ជាក់ថា​ តើនៅក្នុង​លិខិតនោះ មានអត្ថន័យ​​យ៉ាងណា​ឡើយ ប៉ុន្តែមន្ត្រីរូបនេះ​​គឺជាអ្នកដែលស្និទ្ធ​ទៅនឹងការរៀបចំ​ជំនួបកំពូល ត្រាំ-គីម ដែលនឹង​កើតឡើង​នៅ​ពេលឆាប់ៗ​ខាងមុខ។

បន្ថែមពីនេះ​ ពាក់ព័ន្ធ​នឹង​គម្រោងរៀបចំជំនួប​កំពូល​លើកទីពីរ​ខាងលើ លោក គីម យ៉ុងចុល (Kim Yong Chol) អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​នៃគណបក្ស​ពលករកូរ៉េ ត្រូវបាន​គេ​រាយការណ៍​កាលពីពេលថ្មីៗ​នេះថា នឹងហោះហើរ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ជួប​ពិភាក្សា​ជាមួយរដ្ឋមន្ត្រី​ការបរទេស​លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងរដ្ឋ​ធានីវ៉ាស៊ីនតោន​តែម្តង ដែល​វានឹងក្លាយជាព្រឹត្តិការណ៍​ថ្មីមួយទៀត នៃការវិវឌ្ឍន៍ទំនាក់ទំនង​របស់ប្រទេស​ ដែលធ្លាប់តែ​ផ្លោង​ពាក្យសម្តី និងបាញ់មីស៊ីល​គម្រាមគ្នាទៅវិញ​ទៅមក​នេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ លោក គីម ជុងអ៊ុន និងគណៈប្រតិភូកូរ៉េខាងជើង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៃប្រទេសចិនផងដែរ ដើម្បីជួបពិភាក្សា​ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយ​សកម្មភាពបែបនេះ​ក៏ធ្លាប់កើតមាន​ផងដែរ កាលពីឆ្នាំ២០១៨ នៅមុនពេលលោក គីម ជុងអ៊ុន ត្រូវទៅជួបលោក ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ទោះបីជា​មេដឹកនាំទាំងពីរ អាមេរិក និងកូរ៉េខាងជើង បានព្រមព្រៀង​ក្នុងការ​ជួបគ្នា​ជាលើក​ទីពីរ ដែលអាចកើតមាន​ឡើងនៅអំឡុង​ដើមឆ្នាំ២០១៩ ក៏ពិតនេះមែន ប៉ុន្តែទីតាំង និងពេលវេលា​ជាក់លាក់​ដែលនឹងត្រូវរៀបចំតែ​ម្តងនោះ គឺមិនទាន់​ត្រូវបាន​បញ្ជាក់​នោះ​ឡើយ ខណៈ​ប្រទេស​វៀតណាម និងថៃ​បាន​សម្តែងការស្វាគមន៍ ដោយយល់​ព្រម​ធ្វើជាម្ចាស់​ផ្ទះ ប៉ុន្តែជម្រើស​ផ្សេងៗទៀត​ក៏ស្ថិតនៅក្នុងការពិចារណា​ផងដែរ៕