(វ៉ាស៊ីនតោន)៖ សេតវិមានបានចេញមុខបញ្ជាក់ថា អ្នកនាង អ៊ីវែនកា ត្រាំ (Ivanka Trump) ដែលជាទីប្រឹក្សា និងជាកូនស្រីបង្កើតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពុំស្ថិតក្រោមការពិចារណា ដើម្បីក្លាយជាអគ្គនាយកថ្មីនៃធនាគារពិភពលោកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ព័ត៌មានមួយចំនួននៅជុំវិញពិភពលោក ដែលបានចេញផ្សាយថា អ្នកនាង Ivanka កំពុងស្ថិតក្រោមការពិចារណាសម្រាប់តំណែងជាប្រធានធនាគារពិភពលោកថ្មីនោះ គឺមិនពិតឡើយដោយអ្នកនាងគ្រាន់តែត្រូវបានរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក ស្ទេវិន ម៉ានូឃីន (Steven Mnuchin) និងនាយឧុទ្ទកាល័យស្តីទីសេតវិមាន លោក ម៉ៃខ៍ មុលវ៉ាណី (Mick Mulvaney) ស្នើឲ្យជួយចាត់ចែងនីតិវិធី នៃការជ្រើសរើសបេក្ខភាពរបស់សហរដ្ឋអាមេរិកសម្រាប់តំណាងនោះប៉ុណ្ណោះ ដោយសារតែអ្នកនាង Ivanka ធ្លាប់បានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំធនាគារពិភពលោកក្នុងរយៈពេល ០២ឆ្នាំចុងក្រោយនេះ។
គួរជម្រាបថា កាលពីសប្តាហ៍មុន ធនាគារពិភពលោកបានដាក់ចេញពីដំណើរការជ្រើសរើសអគ្គនាយកថ្មី ដើម្បីឡើងជំនួសលោក ជីម យ៉ុងឡីម (Jim Yong Kim) ដែលបានប្រកាសលាលែងមុនអាណត្តិលោកត្រូវបញ្ចប់។ សម្រាប់ឈ្មោះបេក្ខភាពនឹងត្រូវបញ្ជូនទៅឲ្យធនាគារពិភពលោក នៅចន្លោះថ្ងៃទី០៧ ខែកុម្ភៈ និងថ្ងៃទី១៤ ខែមីនា ហើយគណៈប្រឹក្សានាយករបស់ធនាគារ នឹងសម្រេចជ្រើសរើសអគ្គនាយកថ្មីឲ្យបានមុនកិច្ចប្រជុំប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០១៩ ខាងមុខ៕