(បាងកក)៖ មន្ត្រីថៃ២រូបមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតសកលដើម្បីបិទបញ្ចប់ការ ដឹកនាំដោយរបបយោធាដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈក្រោយនេះ អាចនឹងត្រូវពន្យារពេលរហូតដល់ខែមីនា។ នេះបើតាមការចេញ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ មិនទាន់ធ្វើសេចក្ដីប្រកាសជាផ្លូវការណាមួយពីការពន្យារពេលការរៀបចំការបោះឆ្នោតនោះទេ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់២រូបខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាវាមិនអាចទៅរួចឡើយដែលការបោះឆ្នោតសកល ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ តាមប្រកាសកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ មន្ត្រីទំាងពីររូបនេះ បានបញ្ជាក់ដូច្នេះថា៖«ថ្ងៃទី២៤ ខែកុម្ភៈ មិនអាចជាថ្ងៃរៀបចំការបោះឆ្នោតឡើយ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមានពេលវេលាគ្រប់គ្រាន់...ដូច្នេះកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតនេះ អាចមានពីរជម្រើសគឺថ្ងៃទី១០ ឬថ្ងៃទី២៤ ខែមីនាខាងមុខនេះ»។
គួរបញ្ជាក់ថា របបយោធាថៃដែលបានដឹកនាំប្រទេសអស់ពេលជិត៥ឆ្នាំ បានពន្យារពេលការបោះឆ្នោតជាបន្តបន្ទាប់ បើទោះជាមានការរិះគន់ ពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិក៏ដោយ៕