(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Peña Nieto ធ្លាប់បានទទួលប្រាក់សំណូកជាង១០០លានដុល្លារពីសេ្ដចគ្រឿងញៀន Joaquin Guzman ឬគេស្គាល់ថា El Chapo នៅអំឡុងពេលកាន់អំណាច។ នេះបើតាមសាក្សីម្នាក់ ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
សាក្សីម្នាក់ឈ្មោះ Alex Cifuentes ដែលជាដៃស្ដាំរបស់ El Chapo អស់រយៈពេលជាច្រើនឆ្នាំ បានប្រាប់តុលាការមួយក្នុងរដ្ឋញូយ៉ក នៅថ្ងៃអង្គារសប្ដាហ៍នេះថាលោកបានប្រាប់អាជ្ញាធរពីរឿងទទួលប្រាក់សំណូកនេះតាំងតែពីឆ្នាំ២០១៦មកម្លេះ។ លើសពីនេះទៅទៀត បុរសរូបនេះថែមទាំងបញ្ជាក់ដែរថា លោក Peña Nieto ធ្លាប់បានទាមទារប្រាក់២៥០លានដុល្លារឯណោះ មុននឹងព្រមទទួលយកលុយ១០០លានដុល្លារពីសេ្ដចគ្រឿងម៉ិចស៊ីកូ ហើយការប្រគល់ប្រាក់នេះទៀតសោត ធ្វើឡើងនៅក្នុងទីក្រុង Mexico City កាលពីខែតុលា ឆ្នាំ២០១២ តាមរយៈ មិត្តភក្តិម្នាក់របស់ El Chapo។
ប៉ុន្តែភ្លាមៗនោះដែរ អតីតប្រធានាធិបតីម៉ិចស៊ីកូ លោក Peña Nieto ដែលកាន់អំណាចពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ បានច្រានចោលការចោទ ប្រកាន់នេះ ដោយហៅវាថាជារឿងប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា សេ្ដចគ្រឿងញៀន Joaquin Guzman មានអាយុ៦១ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Brooklyn នៃរដ្ឋញូយ៉ក តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មក បន្ទាប់ពីត្រូវធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក និងក្រោយត្រូវបានចាប់ខ្លួនជាលើកទី៣ កាលពីឆ្នាំ២០១៦ នៅ ប្រទេសម៉ិចស៊ីកូ។ Guzman ត្រូវបានគេចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន និងជាមេដឹកនាំក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំបំផុតនៅលើ ពិភពលោកឈ្មោះ Sinaloa៕