(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងសំឡឹងមើល ដោយមិនដាក់ភ្នែកនោះឡើយ ទៅលើចេតនារបស់ចិនចំពោះតៃវ៉ាន់ ជាមួយក្តីព្រួយបារម្ភថា ការកើនឡើងនៃអំណាចយោធារបស់ទីក្រុងប៉េកាំង អាចនឹងធ្វើឲ្យមានហានិភ័យកាន់តែខ្លាំងថា នាថ្ងៃណាមួយចិននឹងប្រើកម្លាំងបាយ ដើម្បីសង្រ្គប់កាន់កាប់ដែនដីកោះនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
មន្រ្តីយោធាផ្នែកស៊ើបការណ៍សម្ងាត់មួយរូប របស់សហរដ្ឋអាមេរិកបានបង្ហើបឲ្យដឹងថា ទោះបីជាយោធាចិនដែលគេហៅកាត់ថា PLA ទំនងជានឹងមិនជ្រើសយកជម្រើសខាងលើក៏ដោយ ក៏ប៉ុន្តែលទ្ធភាពដែលថា ទីក្រុងប៉េកាំងនឹងសម្រេចធ្វើយ៉ាងដូច្នោះនោះ គឺជាក្តីព្រួយបារម្ភធំមួយ ស្របពេលដែលចិនកំពុងបន្តពង្រីក និងធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន។
មន្រ្តីរូបនេះបាននិយាយថា «បញ្ហាដែលធំបំផុតនោះ គឺយោធាចិនកំពុងឆ្ពោះទៅរកចំណុចមួយដែលបណ្តាថ្នាក់ដឹកនាំ PLA អាចប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថាពួកគេពិតជាជឿជាក់លើសមត្ថភាពយោធាចិន»។ នៅពេលសួរថា តើលោកចង់សំដៅលើភាពជឿជាក់នឹងទទួលជ័យជម្នះក្នុងការប្រយុទ្ធជាមួយតៃវ៉ាន់ មន្រ្តីយោធាអាមេរិករូបនេះបានឆ្លើយថា «វានឹងជាបញ្ហាគួរឲ្យបារម្ភបំផុតសម្រាប់ខ្ញុំ»។
គួរជម្រាបថា តៃវ៉ាន់គ្រាន់ជាបញ្ហាមួយប៉ុណ្ណោះ ក្នុងចំណោមបញ្ហាតានតឹងធំៗនៃទំនាក់ទំនងចិន-អាមេរិក ដោយក្នុងនោះរួមមានទាំងសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការដាក់ទណ្ឌកម្មរបស់អាមេរិកលើយោធាចិន និងការដំឡើងសាច់ដុំរបស់យោធាចិននៅសមុទ្រចិនខាងត្បូងជាដើម៕