(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់ប្រធានសភាជាតិវេណេស៊ុយអេឡា មកពីគណបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសថា នឹងតាំងខ្លួនឯងជាប្រធានាធិបតីស្របច្បាប់នៃប្រទេសអាមេរិកឡាទីន មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
លោក Pence បានសន្យាបន្តគំាទ្រគណបក្សប្រឆាំង និងលោក Guaido នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអង្គារ ជាមួយអះអាងថា សភាជាតិវេណេស៊ុយអេឡាគឺជាស្ថាប័នស្របច្បាប់តែមួយគត់នៅក្នុងប្រទេស។ ដោយឡែក បើតាមមន្ត្រីសេតវិមានម្នាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កិច្ចសន្ទនាតាមទូរស័ព្ទនេះកើតមានឡើងបន្ទាប់ពីលោក Pence បានហៅប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាជនផ្ដាច់ការម្នាក់ដែលគ្មានភាពស្របច្បាប់ ក្នុងការកាន់អំណាចនោះឡើយ។
អនុប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ការគំាទ្ររបស់ខ្លួន រហូតទាល់តែលទ្ធប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ នៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយលោកក៏បានជម្រុញឱ្យគណបក្សប្រឆាំងទាំងអស់ រួបរួមគ្នាផងដែរ។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភា ឆ្នាំ២០១៨ ហើយលោកបានឡើងស្បថកាន់តំណែងសម្រាប់អាណត្តិទី ២ របស់លោកដែលមានរយៈពេល ០៦ឆ្នាំ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅនេះ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានទទួលស្គាល់លទ្ធផលនេះទេ រីឯសភាជាតិវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សប្រឆាំងកាលពីថ្ងៃទី១១ ខែមករា បានប្រកាសថា លោក Guaido នឹងកាន់តំណែងជាប្រធានាធិបតីវេណេស៊ុអេឡាស្ដីទី៕