(ឡុងដ៍)៖ សភាចក្រភពអង់គ្លេសនឹងបោះឆ្នោតស្ទង់ទំនុកលើរដ្ឋាភិបាល ក្រោយពីកិច្ចព្រមព្រៀង Brexit (ការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) ត្រូវបានសភាបដិសេធមិនទទួលយក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បាននិយាយថា រដ្ឋាភិបាលលោកស្រីចាំបាច់ត្រូវតែដឹងថា តើខ្លួននៅមានការគាំទ្រពីសភាដែរឬទេ ខណៈដែលសមាជិកសភាអង់គ្លេសនឹងធ្វើការបោះឆ្នោតស្ទង់ទំនុកចិត្ត នាថ្ងៃពុធសប្តាហ៍នេះ។ ប្រសិនបើចាញ់លោកស្រី May នឹងត្រូវចុះចេញពីតំណែង ហើយរដ្ឋាភិបាលមានរយៈពេល១៤ថ្ងៃ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី តែបើមិនដូច្នោះទេ ចក្រភពអង់គ្លេសត្រូវរៀបចំ ការបោះឆ្នោតសកលសាជាថ្មីតែម្តង។
គួរជម្រាបថា កិច្ចព្រមព្រៀង Brexit ដែលលោកស្រី May បានខិតខំចរចាជាមួយមេដឹកនាំសហភាពអឺរ៉ុប នាពេលកន្លងមកនេះ បានទទួលបរាជ័យក្នុងសំឡេងឆ្នោត ២០២ គាំទ្រទល់នឹង ៤៣២ប្រឆាំង ដែលបង្កឲ្យមានការអំពាវនាវបោះឆ្នោតស្ទង់ទំនុកចិត្តភ្លាមៗ ពីសំណាក់ប្រធានគណបក្សប្រឆាំងលោក ជែរែមី ខ័រប៊ីន (Jeremy Corbyn)។
ដោយសារតែ កិច្ចព្រមព្រៀង Brexit ខាងលើត្រូវសភាអង់គ្លេសទាត់ចោល លោកស្រី ត្រូវដាក់គម្រោង Plan B ទៅកាន់សភា បើសិនជារួចខ្លួនពីការបោះឆ្នោតស្ទាបស្ទង់ទំនុកចិត្ត ហើយបន្ទាប់ពីនោះ គឺមានជម្រើសតែ ០៤ប៉ុណ្ណោះ គឺអង់គ្លេសដើរចេញពីសហភាពអឺរ៉ុបដោយពុំមានកិច្ចព្រមព្រៀងរវាងគ្នា, អង់គ្លេសចរចាឡើងវិញជាមួយសហភាពអឺរ៉ុប, ការរៀបចំប្រជាមតិពីឡើងវិញពី Brexit, និងចុងក្រោយគឺលុបគម្រោង Brexit ចោលតែម្តង ដោយអង់គ្លេសនឹងនៅតែជាសមាជិកសហភាពអឺរ៉ុបដដែល៕