(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានព្រមានថា លោកនឹងដាក់ពិន័យលើសភាជាតិគ្រប់គ្រងដោយគណបក្សប្រឆាំងសម្រាប់ការយករដ្ឋធម្មនុញ្ញនៃប្រទេសមកលេងសើច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់លោក ម៉ាឌូរ៉ូ គឺជាការឆ្លើយតបទៅនឹងសភាជាតិវេណេស៊ុយអេឡា ដែលបានអនុម័តលើសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា លោកគឺជាប្រធានាធិបតីខុសច្បាប់ ហើយរាល់ការសម្រេចចិត្តនានា ដែលធ្វើឡើងដោយលោក និងរដ្ឋាភិបាលរបស់លោកមិនមានសុពលភាព ឬត្រូវយកទៅអនុវត្តន៍តាមនោះទេ។ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកទាំងឡាយណាដែលយករដ្ឋធម្មនុញ្ញនៃប្រទេសមកលេងសើច នោះពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់... ហើយតុលាការកំពូលនឹងចាត់វិធានការលើពួកគេទាំងនោះ»។
គួរបញ្ជាក់ថា សភាជាតិវេណេស៊ុយអេឡាចេញសេចក្ដីថ្លែងការណ៍ខាងលើ ដោយផ្អែកលើមាត្រាទី ២៣៣, ៣៣៣ និង ២៥០ ដែលមានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស។ ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះ ក៏បានចេញផ្សាយចំពេលតែមួយ ដែលសហរដ្ឋអាមេរិកបង្ហាញការគាំទ្រការតែងតាំង លោក ចូអាន ហ្គៃដូច (Juan Guaido) ដែលជាប្រធានសភាជាតិបច្ចុប្បន្ន ជាប្រធានាធិបតីស្ដីទីរបស់វេណេស៊ុយអេឡា៕