(បរទេស)៖ បណ្តាញសង្គមជួរមុខលើពិភពលោក YouTube បានឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅរាល់វីដេអូទាំងឡាយណា ដែលបង្ហាញពីសកម្មភាពប្រកបដោយគ្រោះថ្នាក់ ឬក៏ធ្វើឱ្យប៉ះទង្គិចដល់ផ្លូវអារម្មណ៍អ្នកប្រើប្រាស់ជាទូទៅនោះ នឹងត្រូវហាមឃាត់មិនឲ្យមាននៅលើគេហទំព័ររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
ការចាត់វិធានការថ្មីនេះរបស់ក្រុមហ៊ុន YouTube ធ្វើឡើងជាការឆ្លើយតប ក៏ដូចជាដើម្បីទប់ស្កាត់បញ្ហាប្រឈម ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់អាយុជីវិត និងរបួស ដោយសារតែការថតវីដេអូគ្រោះថ្នាក់ ឬបែបរន្ធត់ៗយកមកបង្ហោះសំដៅទាក់ទាញការចាប់អារម្មណ៍ នៅក្នុងបណ្តាញសង្គមដែលមានទស្សនារាប់ពាន់លាននាក់ក្នុងថ្ងៃៗនេះ។
YouTube ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយក្ស Google បានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «ការចែករំលែកបន្ត និងការបង្ហោះវីដេអូបង្ហាញពីសកម្មភាពប្រកបដោយគ្រោះថ្នាក់ ឬ Prank ឬក៏វីដេអូណាដែលធ្វើឱ្យប៉ះទង្គិចដល់ផ្លូវអារម្មណ៍អ្នកប្រើប្រាស់ដទៃ នឹងមិនអនុញ្ញាតឲ្យមាននៅលើ YouTube ទៀតឡើយ»។
គួរបញ្ជាក់ថា បើទោះជា YouTube តែងតែព្យាយាមអនុវត្តន៍វិធានការតឹងរ៉ឹង ក្នុងន័យការពារក្រមប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះក៏ដោយ ក៏កន្លងមកវាត្រូវបានគេមើលឃើញថា បានបរាជ័យក្នុងការអនុវត្តវិធានការបច្ចុប្បន្ន ដែលមានស្រាប់មួយចំនួនរបស់ខ្លួន ដូចជាការបង្ការការបង្ហោះវីដេអូ ឬមាតិកាដែលលក្ខណៈហិង្សា និងរន្ធត់ៗ។ ទោះជាបែបនេះក្តី អ្នកទស្សនានានៅតែអាច Report តាមរយៈប៊ូតុងដែលស្ថិតនៅក្រោមវីដេអូ ប្រសិនបើវាខុសលក្ខខណ្ឌ ដើម្បីឲ្យក្រុមការងារ YouTube ត្រួតពិនិត្យច្បាស់លាស់ មុននឹងវាត្រូវហាមឃាត់៕