(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនាថ្ងៃពុធនេះថា មនុស្សយ៉ាងតិច៨៩០នាក់ បានបាត់បង់ជីវិត ដោយសារតែការផ្ទុះអំពើហិង្សារវាងសហគមន៍ជនជាតិដើមភាគតិច នៅឯខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីខែធ្នូកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពទីភ្នាក់ងារព័ត័មានបារាំង AFP នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសិទ្ធិមនុស្ស UN មនុស្សយ៉ាងហោចណាស់ចំនួន៨៩០នាក់ បានស្លាប់ក្នុងចន្លោះថ្ងៃទី១៦និងទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិចំនួន៤ក្នុងតំបន់ Yumbi នៃខេត្ត Mai-Ndombe ភាគខាងលិចប្រទេសកុងហ្គោ ដោយសារការផ្ទុះហិង្សាប៉ះទង្គិចគ្នារវាងសហគមន៍ជនជាតិ Banunu និង Batende។
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើថា ខ្លួនក៏បានបើកការស៊ើបអង្កេតទៅលើការរីករាលដាលនៃអំពើហិង្សាដ៏អាក្រក់នេះផងដែរ៕