(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានចោទប្រកាន់សហរដ្ឋអាមេរិកថា បាននិងកំពុងញុះញង់ឱ្យមាន ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលទើបស្បថឡើងកាន់តំណែងថ្មីថ្មោង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
ការចោទប្រកាន់របស់លោក Arreaza គឺជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ សម្រាប់ការគាំទ្រសភាជាតិវេណេស៊ុយអេឡា កំពុងគ្រប់គ្រងដោយគណបក្សប្រឆាំងដែលបានប្រកាសថា លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីខុសច្បាប់។ បន្ថែមពីលើនេះលោក ប៉ុមប៉េអូ ក៏បានសង្កត់ធ្ងន់ដែរថា ផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញវេណេស៊ុយអេឡា សភាជាតិរបស់បក្សប្រឆាំង អាចទទួលខុសត្រូវលើស្ថាប័ននីតិប្រតិបត្តិបាន។
ក៏ប៉ុន្តែលោក Arreaza បានឆ្លើយទៅវិញថា ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើឡើងដោយមិនយល់ពីរដ្ឋធមនុញ្ញវេណេស៊ុយអេឡា។ លោក Arreaza បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «លោក ប៉ុមប៉េអូ បាននិងកំពុងដឹកនាំបទឧក្រិដ្ឋ រាំងខ្ទប់សេដ្ឋកិច្ច និងប្រតិបត្តិការឈ្លានពានប្រឆាំងនឹងវេណេស៊ុយអេឡា... ម្យ៉ាងវិញទៀតខណៈលោកប្រធានាធិបតី ម៉ាឌូរ៉ូ កំពុងស្វែងរកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក លោក ប៉ុមប៉េអូ និងមនុស្សជ្រុលនិយមមួយតូច បែរជាកំពុងរកមធ្យោបាយ និងញុះញង់ៀឱ្យមានរដ្ឋប្រហារ និងអំពើហិង្សា នៅក្នុងប្រទេសវេណេស៊ុយអេឡាទៅវិញ»។
គួរបញ្ជាក់ថា លោក Jorge Arreaza កង្វះកិច្ចសន្ទនារវាងរដ្ឋាភិបាល និងក្រុមអ្នកប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងការបិទរដ្ឋាភិបាលសហព័ន្ធ គឺជាមូលហេតុធ្វើឱ្យលោករដ្ឋមន្ត្រីការបរទេសអាមេរិក មិនអាចទទួលបានព័ត៌មានច្បាស់ការគ្រប់គ្រាន់ ដែលជួយឱ្យលោកយល់ពី រដ្ឋធម្មនុញ្ញវេណេស៊ុយអេឡា៕