(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក ផាទ្រីក សាណាហាន (Patrick Shanahan) បាននិយាយថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ និងជាពិសេសកូរ៉េខាងជើង នៅតែ ក្ដីកង្វល់ដ៏ធំរបស់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងព្យុងយ៉ាងបានផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
នៅក្នុងពិធីដាក់ចេញកម្មវិធីពិនិត្យប្រព័ន្ធការពារមីស៊ីលឆ្នាំ ២០១៩ (2019 Missile Defense Review) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្នុងមន្ទីរបញ្ចកោណ លោក Shanahan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខណៈពួកយើងស្ថិតនៅលើដំណាក់កាលថ្មីមួយឆ្ពោះទៅកាន់ការស្វែងរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ... សមត្ថភាព មីស៊ីលអ៊ីរ៉ង់ ជាពិសេសគឺកូរ៉េខាងជើងនៅតែក្ដីកង្វល់ដ៏ធំ សម្រាប់យុទ្ធសាស្ត្រមីស៊ីលរបស់សហរដ្ឋអាមេរិក»។
តែទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ចន រូដ (John Rood) ក៏បានសង្កតធ្ងន់ដែរថា បើទោះបីជាទីក្រុងព្យុងយ៉ាង មានមីស៊ីលរយៈចំងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិកក៏ដោយ តែផ្អែកលើគោលនយោបាយ 2019 Missile Defense Review របស់រដ្ឋបាលលោក ដូណាល់ ត្រាំ កងកម្លាំងមីស៊ីលអាមេរិកនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការគម្រាមកំហែងនេះ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Patrick Shanahan ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន យ៉ូមីអ៊ូរិ ស៊ីមប៊ុន (Yomiuri Shimbun) បានរាយការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅថា យោធាកូរ៉េខាងជើងបានធ្វើតេស្ដកាលពីខែធ្នូ ឆ្នាំ២០១៨ នូវឧបករណ៍ទំនាក់ទំនងដោយស្វ័យប្រវត្តិមួយ សម្រាប់តាមដានការបាញ់មីស៊ីលអន្តរទ្វីប ICBM។ លើសពីនេះទៅទៀត សារព័ត៌មានជប៉ុនមួយនេះថែមបានទាំងចុះផ្សាយថា ទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្ដលើឧបករណ៍ចាប់រលកសំឡេង ដែលអាចតម្លើងលើមីស៊ីលបាលិស្ទីគ ដើម្បីអនុញ្ញាតឱ្យយោធារបស់ខ្លួនងាយស្រួលតាមដានល្បឿន ទីតាំង និងការហោះហើររបស់មីស៊ីលផងដែរ៕