(ឡុងដ៍)៖ ប្រជាជនអង់គ្លេសមួយចំនួន ដែលធ្លាប់បោះឆ្នោតគាំទ្រឱ្យចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ឬ Brexit បានបង្ហាញអារម្មណ៍សោកស្ដាយរបស់ខ្លួន តាមរយៈការអំពាវនាវឱ្យមានការរៀបចំ «ការបោះឆ្នោតប្រជាមតិជាលើកទីពីរ» ស្របពេលអ្នកនយោបាយកំពុងបែកបាក់គ្នា ជុំវិញកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រីលោកស្រី ថេរ៉េសា ម៉ាយ (Theresa May)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
កាលពីដើមសប្ដាហ៍កន្លងទៅ ប្រជាជនអង់គ្លេសមួយចំនួនដូចជាលោក Gary Maylin មានអាយុ ៣៨ឆ្នាំ មកពីទីក្រុង Norwich ភាគខាងកើតនៃប្រទេស និងធា្លប់ជាអ្នកគំាទ្រ Brexit បានចូលរួមជាមួយចលនាទាមទារ ឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី ២ ដើម្បីបង្ហាញការសោកស្ដាយរបស់ខ្លួន សម្រាប់ការបោះឆ្នោតគាំទ្រឱ្យអង់គ្លេស លែងលះជាមួយសហភាពអឺរ៉ុប។
ចលនានេះមានឈ្មោះថា «RemainerNow» ត្រូវបានរៀបចំឡើងដោយអតីតអ្នកគំាទ្រ Brexit។ ប៉ុន្តែការទាមទាររបស់ពួកគេ ត្រូវបានរដ្ឋាភិបាលទីក្រុងឡុងដ៍បដិសេធជាបន្តបន្ទាប់ បើទោះជាការស្ទង់មតិជាច្រើនបង្ហាញថា ប្រជាជនអង់គ្លេស ៥៤ភាគរយចង់ឱ្យបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុបក៏ដោយ។
គួរជម្រាបថា កាលពីឆ្នាំ២០១៦ កន្លងទៅ ប្រជាជនអង់គ្លេស ៥១.៩ភាគរយបានបោះឆ្នោតគាំទ្រ Brexit រីឯ ៤៨.១ភាគរយជំទាស់ ហើយបើតាមគ្រោងទុក អង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។ ប៉ុន្តែបច្ចុប្បន្ន កិច្ចព្រមព្រៀងលែងលះរវាងរដ្ឋាភិបាលលោកស្រី Theresa May និងសហភាពអឺរ៉ុបត្រូវបានសភាអង់គ្លេសបដិសេធមិនទទួលស្គាល់ ដែលនេះកំពុងបង្កជាការបែកបាក់ និងចម្រូងចម្រាស់នៅក្នុងចំណោមអ្នកនយោបាយដ្បិតបើសភាមិនអនុម័ត ហើយគ្មានការបោះឆ្នោតប្រជាមតិជាថ្មី នោះទីក្រុងឡុងដ៍នឹងត្រូវចាកចេញ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់៕