(បាងកក)៖ ជនជាតិប៊ែលហ្សិក​ម្នាក់ត្រូវបានប៉ូលិសថៃ​ចាប់ក្របួច ក្រោយពីបានធ្វើ​សកម្មភាព​លួចយក​កាបូបដាក់ឥវ៉ាន់របស់​ភ្ញៀវទេសចរចិន នៅក្នុងព្រលាន​យន្តហោះអន្តរជាតិ​​សុវណ្ណ​ភូមិ ស្ថិតនៅជាយរាជធានី​បាងកក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

សមត្ថកិច្ច​ប្រចាំ​​ព្រលានយន្តហោះ​ធំបំផុត​ក្នុងប្រទេសថៃ​មួយនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាតិប៊ែលហ្សិក​ខាងលើនេះមានឈ្មោះ ផាទ្រីកា ហ្វែនែន ខូរៀ (Patrica Fernand M Courier) អាយុ ៥៨ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​​តាំងតែពីថ្ងៃពុធមកម្ល៉េះ នៅក្នុង​​អាកាសយានដ្ឋាន​អំឡុងពេល​ដែលលោក​កំពុងតែ check in ដើម្បីត្រៀមបន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ដាណាង (Da Nang) នៃប្រទេស​វៀតណាម។

ដោយឡែក​​ព័ត៌មានលម្អិត​អំពីរឿងនេះ គឺត្រូវបានផ្សព្វផ្សាយ​កាលពីថ្ងៃសុក្រ ដោយស្នងការ​រងគ្រប់គ្រងសន្តិសុខ នៃព្រលានយន្តហោះសុវណ្ណភូមិលោក គិតិផុង គិតិកាឆន (Kittipong Kittikachorn) ខណៈដែល​​ភ្ញៀវទេសចរចិន​មួយរូប​​មកពី​ទីក្រុង ហាងចូវ (Hang Zhou) ប្រទេសចិន បានរាយការណ៍​ពីករណីបាត់កាបូប​របស់ខ្លួន ដែលមាន​តម្លៃជាទឹកប្រាក់ជាង ៣,០០០ដុល្លារអាមេរិក ទៅកាន់សមត្ថកិច្ចថៃ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃ​ប៉ុណ្ណោះក្រោយពីការ​ប្តឹងខាងលើនេះ សមត្ថកិច្ចថៃ​បាន​ធ្វើការ​ត្រួតពិនិត្យ​កាមេរ៉ាសុវត្ថិភាព​ក្នុងព្រលាន​យន្តហោះ រហូតឈាន​ដល់ការចាប់​ខ្លួន​ជនជាតិប៊ែលហ្សិក​ខាងលើនេះ​តែម្តង។ បន្ថែមពីនេះ​​តាមរយៈវីដេអូ​កាមេរ៉ា សមត្ថកិច្ច​បានឃើញ​​បុរសប៊ែលហ្សិក​ខាងលើនេះ ដើរក្រឡឹង​ចុះឡើង​ៗនៅក្បែរកាបូប​អ្នកទេសចរចិន រួចក្រោយ​មកមាន​ឱកាសល្អ ទើបរូបគេ​លួចយកទៅតែម្តង។ ជនជាតិ​ប៊ែលហ្សិក​រូបនេះ​ក៏បាន​សារភាពប្រាប់ប៉ូលិសថៃដែរ​ថា ខ្លួនពិត​ជាអ្នកលួចកាបូបនោះប្រាកដមែន៕