(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះ មានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជំនួបកំពូលជាលើកទី២រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅចុងខែ​កុម្ភៈខាងមុខ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាទីក្រុងហាណូយ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះ៕

២៖ យន្ដហោះប្រភេទ​ស្លាបចាក់​លើកដំបូង​របស់ចិន សម្រាប់ការ​ហោះហើរល្បាត​ទៅ​តំបន់​ប៉ូល​ដែលមានឈ្មោះថា ឥន្ទ្រីព្រិល (Snow Eagle) 601 បានចុះចត​នៅឯស្ថានីយ ឃុនលុន (Kunlun) នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅតំបន់​ប៉ូលខាងត្បូង​នៃភពផែនដី៕

៣៖ ​អភិបាលរដ្ឋ​ហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងថា មនុស្សយ៉ាង​ហោច​ណាស់ ២០នាក់បានស្លាប់ និង ៥៤នាក់ផ្សេង​ទៀតបាន រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះ​បំពង់ប្រេង​ដ៏សម្បើមមួយ​ នៅភាគកណ្ដាល​ប្រទេស​ម៉ិចស៊ីកូ៕

៤៖ ​កំពូលមហាសេដ្ឋី​នៅក្នុងប្រទេស​ហ្វីលីពីន លោក តៃផេន ហិនរី ស៊ីស៊ឺ (Taipan Henry Sy Sr.) បានទទួលមរណភាព​ហើយក្នុងវ័យ ៩៤ឆ្នាំ នៅព្រឹក​ថ្ងៃសៅរ៍នេះតែម្តង៕

៥៖ អង្គការ NASA នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក និងចិន កំពុងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មរុករកនៅលើឋានព្រះចន្ទ។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងនៅចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុង​រឹតត្បិតការផ្ទេរបច្ចេកវិទ្យាទៅឱ្យចិន៕

៦៖ ដ្ឋាភិបាលរុស្ស៊ីបានចាត់ទុកថាកម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR)​ របស់សហរដ្ឋអាមេរិកគឺជាចេតនាបង្ករឿងដោយ បើកចំហ ហើយថាវាមានតែបង្កឱ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ៕