(ម៉ានីល)៖ កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលរាប់ទសវត្សរ៍ ដើម្បីបិទបញ្ចប់អំពើហិង្សាដែលបានផ្ដាច់ជីវិតមនុស្សជាង ១៥០,០០០នាក់ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានចូលដល់ដំណាក់កាលចុងក្រោយហើយនៅថ្ងៃចន្ទនេះ ជាមួយការរៀបចំការបោះឆ្នោតប្រជាមតិមួយ ដែលនឹងផ្ដល់ក្រុមឧទ្ទាមម៉ូសី្លម នូវសិទ្ធិស្វ័យភាពគ្រប់គ្រងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ការបោះឆ្នោតនៅថ្ងៃចន្ទនេះគឺជាជំហានចុងក្រោយ នៃការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរបស់ទីក្រុងម៉ានីល ជាមួយក្រុមឧទ្ទាម Moro Islamic Liberation Front (MILF) ជាកងកម្លាំងបំបែករដ្ឋមួយដ៏ធំ ដែលបានធ្វើសកម្មភាពចាប់តាំងពីឆ្នាំ១៩៧០ មក។ ចំណែកឯ តំបន់ស្នូលមួយចំនួននៃតំបន់ បាំងហ្គាសម៉ូរ៉ូ (Bangasmoro) មានទីតាំងស្ថិតលើកោះ មីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេសហ្វីលីពីន និងស្ថិតនៅក្នុងសំណើចង់គ្រប់គ្រងរបស់ MILF ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រភាគច្រើនលើសលប់។
ប៉ុន្តែទន្ទឹមគ្នាប្រជាជននៅក្នុងតំបន់ដូចជា លោក ហ្សេមប្រាហ៍ អាបាស់ (Jembrah Abas) មានវ័យ ២២ឆ្នាំ នៅតែព្រួយបារម្ភ និងចង់ឱ្យអំពើហិង្សាបិទបញ្ចប់ឱ្យបានឆាប់។ លោក Abas បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជានឿយហត់នឹងអំពើហិង្សាខ្លាំងណាស់ ព្រោះឪពុករបស់ខ្ញុំក៏ជាជនរងគ្រោះ នៃអំពើហិង្សានេះដែរ...»។
គួរជម្រាបថា ប្រជាជនប្រមាណ ២.៨លាននាក់ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងការបោះឆ្នោតនៅថ្ងៃចន្ទនេះ ខណៈប៉ូលិស និងទាហាន ២០,០០០នាក់ត្រូវដាក់ការពារសន្តិសុខ និងសុវត្ថិភាព ព្រោះមានការព្រួយបារម្ភថា អំពើហិង្សាអាចនឹងផ្ទុះឡើងគ្រប់ពេលវេលា៕