(ម៉ូស្គូ)៖ យោធាប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមនាវាចម្បាំងនៃអង្គភាពទ័ពជើងទឹករបស់ខ្លួន​ប្រចាំ​នៅឯ​​សមុទ្របាល់ទិក បាន​និងកំពុងតែតាមឃ្លាំមើល​នាវាពិឃាតអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់នេះ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នាវាចម្បាំងរុស្ស៊ី Boykiy និង Soobrazitelny បាននិងកំពុង​តាម​ដានក៏ដូចជាអមដំណើរ​នាវាពិឃាតពីរគ្រឿង​របស់សហរដ្ឋអាមេរិក រួមមាន USS Porter និង USS Gravely នៅ​សមុទ្រ​បាល់​ទិក។ ​កាល​ពីថ្ងៃសៅរ៍កន្លងទៅ នាវាពិឃាតមួយគ្រឿង​ទៀតរបស់អាមេរិក គឺ USS Donald Cook ទើបតែ​បាន​ចូល​មក​ដល់​ដែន​សមុទ្រខ្មៅ​ហើយប៉ុណ្ណោះ ដោយ​ពេលនោះកងនាវារុស្ស៊ីប្រចាំ​តំបន់នេះ បាន​បញ្ជូន​នាវា​មួយគ្រឿង​ ​ឲ្យ​ទៅតាម​ឃ្លាំងមើល​នាវា​ចម្បាំង​អាមេរិកភ្លាមៗ​​តែម្តង​។​

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមាន​របស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រជុំវិញ​ប្រទេសរុស្ស៊ី តាម​រយៈការធ្វើសមយុទ្ធយោធា​​​របស់អង្គការ NATO និងតាមរយៈការបញ្ជូន​នាវាចម្បាំង​ឲ្យ​ចូល​មក​កាន់​តំបន់​ផ្លូវទឹកទាំងនេះ​ជា​ញឹកញាប់។ កាលពីអំឡុងដើមខែមករានេះ​ អាមេរិកក៏បានបញ្ជូននាវាពិឃាត USS Gravely មកក្បែរដែន​ទឹកក្បែររុស្ស៊ីផងដែរ៕