(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា​​ទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល​ជាលើកទី២ ជាមួយ​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបាន​ជ្រើសរើស​រួចរាល់ ហើយវានឹងត្រូវប្រកាសឲ្យដឹងនាពេលឆាប់ៗខាងមុខ។ ទីតាំង ចំនួន៣ដែលបានស្នើសុំធ្វើជាម្ចាស់រៀបចំជំនួបកំពូលនេះមានដូចជា កោះហាវ៉ៃ ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហាណូយរបស់ប្រទេស​វៀតណាម។

ប៉ុន្តែជុំវិញការជ្រើសរើសទីតាំងនេះដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអង់គ្លេស លោក Tom Fowdy យល់ថាទីក្រុងហាណូយ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីម ជាលើកទី២ ខណៈសារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា កិច្ចប្រជុំកំពូលនេះទំនងជា​អាចនឹងត្រូវធ្វើឡើនៅលើទឹកដីប្រទេសអាស៊ានមួយនេះ។ លោក Fowdy បានឱ្យដឹងទៀតថាទីក្រុងហាណូយគឺជា​ជម្រើសល្អ ដ្បិតវៀតណាមជាប្រទេសកុម្មុយនីស្ដដូចកូរ៉េខាងជើង តែក៏មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែរ។ ពោលគឺបើគេចាំមិន​ភ្លេចទេ នៅអំឡុងសម័យសង្រ្គាមវៀតណាម អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីល ស៊ុង ធ្លាប់បានផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យ ទៅក្រុងហូជីមិញ ដើម្បីបង្រួបបង្រួមប្រទេសជាតិ។

លើសពីនេះទៅទៀត បើទោះជាវៀតណាមធ្លាប់ជាសត្រូវជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ តែក្រោយដំណើរទស្សនកិច្ចរបស់អតីត ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦ វាបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ហើយភាព​ប្រសើរនេះទៀតសោត ត្រូវបានគេមើលឃើញថាកើតមានដោយសារតែទីក្រុងហាណូយ ចង់បានសហរដ្ឋអាមេរិកជាបង្អែកដើម្បីប្រឈមមុខ ជាមួយចិននៅឯតំបន់សមុទ្រចិនខាងត្បូង។

គួរជម្រាបថា សេចក្ដីរាយការណ៍ថាជំនួបជាលើកទី២ រវាងលោក ដូណាល់​ ត្រាំ​ និងលោក គីម ជុងអ៊ុន ត្រូវធ្វើឡើងនៅក្នុងវៀតណាម លេចលឺ ឡើងជាលើកដំបូងក្រោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពី​ខែធ្នូ ឆ្នាំ២០១៨ ហើយថែមទាំងបាននិយាយថាវៀតណាមគឺជាគំរូដ៏ល្អរបស់កូរ៉េខាងជើង ដោយសារតែប្រទេសមួយនេះតូចមែនពិត តែអាច ហែលកាត់ឆ្លងជម្លោះជាមួយសហរដ្ឋអាមេរិកបាន៕

ប្រភព៖ CGTN (ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩)