(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិនបញ្ចេញឃ្លីបវីដេអូ បង្ហាញពីការបាញ់ធ្វើតេស្តប្រព័ន្ធមីស៊ីលកម្ទេចនាវា DF-26 ដែលអាចបំពាក់ក្បាលគ្រាប់ប្រភេទនុយក្លេអ៊ែរ នៅចំពោះមុខបេសកកម្មសេរីភាពនាវាចរ ឥតឈប់ឈររបស់សហរដ្ឋអាមេរិកក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
វីដេអូខាងលើត្រូវបានថតក្នុងអំឡុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើប្រាស់ប្រព័ន្ធមីស៊ីល DF-26 នៅភាគពាយ័ព្យប្រទេសចិន កាលពីចុងសប្តាហ៍មុន។ បើតាមមន្រ្តីជំនាញផ្នែកយោធាចិនឈ្មោះ សុង ចុងពីង (Song Zhongping) ប្រព័ន្ធមីស៊ីលប្រឆាំងនាវានេះ មានសមត្ថភាពកែប្រែទិសដៅហោះហើររបស់វា និងមានបំពាក់ប្រព័ន្ធនាំផ្លូវផងដែរ ដែលអនុញ្ញាតឲ្យវាវាយប្រហារលើប្រភេទនាវាដឹកយន្តហោះចម្បាំង ដែលធ្វើដំណើរយឺតៗថែមទៀតផង។ ក្រៅពីប្រព័ន្ធ DF-26 ក៏មានបច្ចេកវិទ្យាបំបាំងកាយ ដែលធ្វើឲ្យវាពិបាកក្នុងការបាញ់ស្ទាក់ផងដែរ។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ សារព័ត៌មានចិនបានចុះផ្សាយថា យោធាចិនបានចល័តប្រព័ន្ធមីស៊ីល DF-26 ទៅលើតំបន់ភាគពាយ័ព្យ ដែលត្រូវគេមើលឃើញថា ទំនងជាការឆ្លើយតបចំពោះការធ្វើនាវាចរណ៍ដោយសេរី នៃនាវាពិឃាតអាមេរិកមួយគ្រឿងឆ្លងកាត់ប្រជុំកោះ ផារ៉ាសែល (Paracel) នៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងចាត់ទុកថា ការឆ្លងចូលក្នុងដែនទឹករបស់ខ្លួន។ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងបន្ថែមកាលពីសប្តាហ៍មុន បន្ទាប់ពីអាមេរិកបានបញ្ជូននាវា ០២គ្រឿងថែមទៀតមកឆ្លងកាត់ចក្រសមុទ្រតៃវ៉ាន់៕