(ដាម៉ាស់)៖ ប្រទេសស៊ីរី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១១ ក្នុងនោះរួមមានទាំងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមដកទ័ពចេញ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានស៊ីរី SANA កិច្ចព្រមព្រៀងខាងលើគឺផ្ដោតសំខាន់លើសេដ្ឋកិច្ច វប្បធម៌ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងលំនៅឋានជាដើម ហើយមិនតែប៉ុណ្ណោះវាក៏នឹងចូលរួមចំណែកផងដែរ ក្នុងការស្ដារប្រទេសស៊ីរីឡើង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយអនុប្រធានាធិបតីទី ១ អ៊ីរ៉ង់លោក អ៊ីហ្សេក ហ្សាហានគីរី (Eshaq Jahangiri) នៅអំឡុងពេលបំពេញទស្សនកិច្ចក្នុងទីក្រុងដាម៉ាស់នៅថ្ងៃចន្ទសប្ដាហ៍នេះ។
គួរជម្រាបថា បើតាមអង្គការសហប្រជាជាតិ សង្រ្គាមស៊ីរីដែលបានផ្ទុះឡើងកាលពីឆ្នាំ២០១១មក បានធ្វើឱ្យប្រទេសមួយនេះខាត បង់សេដ្ឋកិច្ចជាង ៤០០ពាន់លានដុល្លារ រីឯមនុស្សប្រមាណ ៣៦០,០០០នាក់បានស្លាប់ និងរាប់លានទៀតក្លាយជាជនភៀសខ្លួនទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ ដោយឡែកការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចដំបូងខាងលើនេះ គឺត្រូវបានធ្វើឡើងក្រោយពីស្ថានការណ៍នៅស៊ីរីកាន់តែល្អប្រសើរ ដោយសង្គ្រាមកាន់តែផុតរលត់ទៅបន្តិចម្តងៗ ហើយប្រជាជនដែលភៀសខ្លួននោះ ក៏បានចាប់ផ្តើមត្រឡប់មកស្រុកកំណើតពួកគេវិញជាបណ្តើរៗផងដែរ៕