(អារ៉ាប៊ីសាអូឌីត)៖ វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលជាសមាជិកអង្គការ OPEC អាចជិះផលប៉ះពាល់ដល់តុល្យភាពទីផ្សារប្រេងសកល។ នេះបើតាមសេចក្តីថ្លែងការណ៍បែបព្រមានធ្វើឡើងដោយរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតលោក ខាលីដ អាល់ ហ្វាលី (Khalid al-Falih) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
ផលិតកម្មប្រេងនៅវេណេស៊ុយអេឡា បានធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ ពីជាង ២លានបារ៉ែលក្នុងមួយថ្ងៃ មកនៅត្រឹមតែ១.៤លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រទេសអាមេរិកឡាទីនមួយនេះ បានដើរតួនាទីជាប្រទេសដែលមានប្រេងឆៅបំរុង ច្រើនជាងគេបំផុតនៅលើពិភពលោក ស្មើនឹងជាង ៣០០ពាន់លានបារ៉ែល ហើយភាគច្រើន វាជាប្រេងឆៅដែលមានតម្លៃខ្ពស់ក្នុងការផលិតថែមទៀតផង។
បច្ចុប្បន្នប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) និងមេដឹកនាំបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) កំពុងស្ថិតក្នុងភាពជាប់គាំង នៅក្នុងការតស៊ូដណ្តើមអំណាចគ្នា ចាប់តាំងពីលោក Guaido បានប្រកាសខ្លួនឯងជា «ប្រធានាធិបតីស្តីទី» កាលពីថ្ងៃពុធសប្តាហ៍មុនក្រោមការជួយជ្រោមជ្រែងពីអាមេរិក និងសម្ព័ន្ធមិត្តធំៗ ស្របពេលដែលមានការតវ៉ាដោយកំហឹង ស្តីពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស និងបានបង្កឲ្យមនុស្សស្លាប់ជាច្រើននាក់មកហើយ។
គួរបញ្ជាក់ថា ការជាប់គាំងផ្នែកនយោបាយនេះ បានបណ្តាលឲ្យមានការបាក់បែកគ្នា នូវសហគមន៍អន្តរជាតិ រវាងប្រទេសដែលទទួលស្គាល់ លោក Guaido ប្រធានបក្សប្រឆាំង ជាប្រធានាធិបតី ដោយមានសហរដ្ឋអាមេរិកគឺជាអ្នកផ្តើមគំនិត និងបណ្តាប្រទេសធំៗមួយប៉ែកទៀតដែលទទួលស្គាល់ លោក Maduro ជាប្រធានាធិបតីស្របច្បាប់រួមមានរុស្ស៊ី និងចិនដែលជាអ្នកនាំមុខនោះ៕