(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋមួយរបស់វេណេស៊ុយអេឡា ដើម្បីបង្ខំឱ្យលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប្រគល់អំណាចដោយសន្តិវិធីឱ្យមេបក្សប្រឆាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
ការប្រកាសដាក់ទណ្ឌកម្មខាងលើត្រូវបានធ្វើឡើង ដោយទីប្រឹក្សាសនិ្តសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅឯសេតវិមានលោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA នឹងបិទខ្ទប់ប្រាក់ ០៧ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយនេះ ហើយពួកគេនឹងខាតបង់ប្រាក់ជាង ១១ពាន់លានដុល្លារនៅឆ្នាំក្រោយ»។
ដោយឡែកក្រសួងរតនាគារជាតិអាមេរិក ផ្អែកលើទណ្ឌកម្មចុងក្រោយនេះរាល់ទ្រព្យសម្បត្តិ ឬភាគហ៊ុនរបស់ PDVSA ដែលស្ថិតយុត្ថាធិការអាមេរិកនឹងត្រូវបង្កកទុក ហើយរាល់ប្រជាជនអាមេរិកទាំងអស់ មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុននេះបានឡើយ។
គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភា ឆ្នាំ២០១៨ ដោយទទួល បានសំឡេង ៦៧.៨៤ភាគរយ និងបានឡើងស្បថកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី១០ ខែមករាកន្លងទៅសម្រាប់អាណត្តិថ្មី ០៦ឆ្នាំ។ ប៉ុន្តែការបោះឆ្នោតនេះមិនមានបក្សប្រឆាំងចូលរួមនោះទេ រីឯមេបក្សប្រឆាំងលោក Guaido បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕