(ឡុងដ៍)៖ ខណៈដំណើរការជាប់គាំងនៃ Brexit កំពុងធ្វើឲ្យអន្តរជាតិសម្លឹងមើលអង់គ្លេសមិនដាក់ភ្នែកទៅហើយនោះ ឥឡូវនេះរឿងរ៉ាវដ៏រសើបមួយទៀតកំពុងលេចឡើង នោះគឺទ្រព្យសម្បត្តិជាដុំមាសតម្លៃ ១.២ពាន់លានដុល្លារ របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅក្នុងធនាគាររបស់ចក្រភពនេះ ដែលសម្ព័ន្ធមិត្តនានាជាពិសេសគឺសហរដ្ឋអាមេរិក កំពុងតែបញ្ចុះបញ្ចូលឲ្យអង់គ្លេសបង្កកមាសទាំងនោះទុក ដើម្បីកុំឲ្យលោក ម៉ាឌូរ៉ូ អាចយកវាទៅប្រើការបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
ទោះបីជាបែបនេះក្តី រឿងបង្កក ឬមិនបង្កកវាមិនមែនស្ថិតនៅក្នុងដៃរដ្ឋាភិបាលអង់គ្លេសនោះឡើយ។ ជាក់ស្តែងមន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងការបរទេសអង់គ្លេសលោក អាឡាន ឌូកាន់ បានចេញមុខគូសបញ្ជាក់ថា «វាគឺជាការសម្រេចចិត្ត ដែលត្រូវធ្វើឡើងដោយធនាគារអង់គ្លេស មិនមែនជារដ្ឋាភិបាលនោះឡើយ។ ដូច្នេះប្រសិនបើពួកគេធ្វើការសម្រេចចិត្តណាមួយនោះត្រូវតែប្រាកដច្បាស់ថា ពួកគេក៏ត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តបែបនោះដែរ...»។
គួរបញ្ជាក់ថា ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេសខាងលើនេះ គឺត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ របស់សារព័ត៌មានមួយចំនួនកាលពីថ្ងៃចន្ទម្សិលមិញនេះថា មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ជូអាន ហ្គៃដូ (Juan Guaido) បានផ្ញើលិខិតសម្ងាត់ទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) និងទេសាភិបាលធនាគារអង់គ្លេស លោក ម៉ាក ខាណេយ (Mark Carney) ដើម្បីស្នើសុំអ្នកទាំងពីរជួបទប់ស្កាត់មិនឲ្យ លោក ម៉ាឌូរ៉ូ យកទ្រព្យមាសចេញពីធនាគារកណ្តាលអង់គ្លេសទៅប្រើការបាន ព្រោះវានឹងក្លាយជាការគាបសង្កត់ប្រជាជនវេណេស៊ុយអេឡា៕