(ព្រុចសែល)៖ សភាអឺរ៉ុបប្រកាសបានសម្រេចទទួលស្គាល់ ការប្រកាសរបស់មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ចូអាន ហ្គៃដូ (Juan Guaido) ដែលបានតែងតាំងខ្លួនឯងធ្វើជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបបានមូលមតិគ្នាបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចមួយ ដើម្បីទទួលស្គាល់លោក Guiado ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា និងបានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសដែលជាសមាជិករបស់ខ្លួនធ្វើបែបនេះដែរ។
គួរជម្រាបថា ទាក់ទិននឹងវិបត្តិនយោបាយដ៏តានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡា បណ្តាប្រទេសអឺរ៉ុបមួយចំនួនធំដូចជាបារាំង អេស៉្បាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងហូឡង់ជាដើម បានទុកពេល០៨ថ្ងៃឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ា់ឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ខណៈបើលើសពីរយៈពេលនេះ ហើយលោក ម៉ាឌូរ៉ូ នៅតែមិនព្រមធ្វើតាមនោះ ពួកគេនឹងទទួលស្គាល់ លោកGuaido ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា ដូចទៅនឹងសហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនដែរ៕