(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំពាណិជ្ជកម្មជុំចុងក្រោយរវាងចិន និងសហរដ្ឋអាមេរិក មានភាពជឿនលឿងយ៉ាងសំខាន់សម្រាប់ដំណាក់កាលបច្ចុប្បន្ន ហើយភាគីទាំង២ បានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ ជាក់ស្ដែង និងផ្លែផ្កា។ នេះបើតាមក្រុមប្រតិភូចិនដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមមន្ត្រីប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីជួបប្រជុំជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin ក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំពាណិជ្ជកម្មជុំចុងក្រោយរវាងចិន និងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ខណៈមហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់ជម្លោះពាណិជ្ជកម្មដែល កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក៕