(ការ៉ាកាស់)៖ សហរដ្ឋអាមេរិកបានចេញមុខជំទាស់ដាច់ខាត ចំពោះសំណើរបស់ម៉ិចស៊ីកូ អ៊ុយរ៉ាហ្គាយ និងបុរីវ៉ាទីកង់ ដែលចង់ធ្វើការសម្រុះសម្រួលកិច្ចចរចារវាង ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ និង លោក ចូអាន ហ្គៃដូ (Juan Guaido) ជាមេបក្សប្រឆាំងវេណេស៊ុយអេឡា ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ដែលជាហេតុបង្កឲ្យមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់មួយរូបក្នុងជួររដ្ឋាភិបាលអាមេរិក បានលើកឡើងឈ្មោះប្រទេសទាំង ០៣ ខាងលើចំៗនៅក្នុងការធ្វើអត្ថាធិប្បាយមួយនាថ្ងៃព្រហស្បតិ៍នេះ និងបានបន្ថែមយ៉ាងដូច្នេះថា «ពួកយើងមិនទទួលយកដាច់ខាតចំពោះការប្រឹងប្រែងបង្កើតកិច្ចចរចានានា ទោះបីជាស្ថិតក្នុងទម្រង់បែបណាក៏ដោយ ដែលសំដៅនឹងជួយឲ្យលោក ម៉ាឌូរ៉ូ នៅរក្សាអំណាចក្នុងដៃដដែលនោះ»។
មន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ជាដដែលនូគោលជំហររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា លោក ម៉ាឌូរ៉ូ គឺលែងជាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាទៀតហើយ ខណៈដែលកាណាដា និងប្រទេសនៅអាមេរិកឡាទីនជាច្រើនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានប្រកាសទទួលស្គាល់ លោក Guaido ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ដោយអះអាងថាការជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំទៅរបស់លោក ម៉ាឌូរ៉ូ មិនអាចយកជាការបាន។
គួរជម្រាបថា ម៉ិចស៊ីកូ និងអ៊ុយរ៉ាហ្គាយ ដែលមិនបានប្រកាសទទួលស្គាល់លោក Guaido ឡើយនោះបានឲ្យដឹងថា ពួកគេនឹងបើកសន្និសីទអន្តរជាតិមួយជុំវិញវិបត្តិនៅវេណេស៊ុយអេឡា នាថ្ងៃទី០៧ ខែកុម្ភៈ៕