(ការ៉ាកាស់)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡាលោក ណេស្ទើ រ៉េវើរ៉ូល (Nestor Reverol) បានអះអាងថា កងកម្លាំងសន្តិសុខនៃប្រទេសនេះបានគាស់កកាយ ផែនការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ថ្មីមួយទៀត ដោយក្នុងនោះមានទាំងគម្រោងធ្វើឃាតមន្ត្រីយោធា និងអ្នកនយោបាយមួយចំនួន ដែលគាំទ្ររដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា ដោយទទួលបានរបាយការណ៍ពីក្រុមចារកម្មសម្ងាត់បានឲ្យដឹងទៀតថា ក្រុមជ្រុលនិយមខាងលើនេះត្រូវបានគេរកឃើញថា បានលួចចូលមកកាន់វេណេស៊ុយអេឡា តាមទឹកដីប្រទេសកូឡុំប៊ី ដោយត្រូវបានដឹកនាំដោយអតីតមន្ត្រីយោធាវេណេស៊ុអេឡារត់ចោលស្រុក។ ការស៊ើបអង្កេតក៏ឈានដល់ការចាប់ខ្លួនអតីតមន្ត្រីយោធាមួយរូបឈ្មោះ មីហ្គែល ផេឡេស៊ីយ៉ូស សាលសេដូ (Miguel Palacios Salcedo) ដែលបានចាកចេញពីកងទ័ពវេណេស៊ុយអេឡា កាលពីឆ្នាំ២០០៦។
បន្ថែមពីនេះទៀត វរសេនីយ៍ឯកចូលនិវត្តន៍ឈ្មោះ អូស្វាល់ដូ ហ្គាសៀ ផាឡូម៉ូ (Oswaldo Garcia Palomo) និងមនុស្សពីរនាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរវេណេស៊ុយអេឡា ចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ។ ក្នុងចំណោមអ្នកទាំងអស់នេះ គឺមានអ្នកជាប់សង្ស័យទៅនឹងផែនការធ្វើឃាតលោក ម៉ាឌូរ៉ូ មិនបានសម្រេចកាលពីខែសីហា ឆ្នាំ២០១៨ ហើយកងកម្លាំងវេណេស៊ុយអេឡា ថែមទាំងបានរឹបអូសកាំភ្លើង និងវិទ្យុទាក់ទងរបស់ពួកគេ ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត៕