(ប៉ារីស)៖ រដ្ឋាភិបាលទីក្រុងប៉ារីសបានកោះហៅអគ្គរដ្ឋទូតប្រចាំទីក្រុងរ៉ូម ត្រឡប់មកកាន់ប្រទេសបារាំងវិញ បន្ទាប់ពីការវាយប្រហារដោយពាក្យសម្តី ពីសំណាក់ក្រុមអ្នកនយោបាយមួយចំនួននៅអ៊ីតាលីមកលើប្រទេសបារាំង កាន់តែធ្ងន់ធ្ងរឡើងដែលមិនធ្លាប់មានតាំងពីសម័យបញ្ចប់សង្គ្រាមមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង France 24 នាយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រៅពីការកោះហៅអគ្គរដ្ឋទូតមកវិញ បារាំងក៏បានអំពាវនាវឲ្យក្រុមអ្នកនយោបាយអ៊ីតាលី ធ្វើការកែសម្រួលអាកប្បកិរិយារបស់ពួកគេ ឲ្យសាកសមជាមិត្តរបស់បារាំងឡើងវិញផងដែរ។ ប្រទេសបារាំង និងអ៊ីតាលីបានជួបប្រទះប្រវត្តិសាស្ត្រមិនល្អរវាងគ្នា កាលពីអំឡុងសម័យសង្គ្រាមលោកលើកទីពីរ ជុំវិញជម្លោះដណ្តើមជួរភ្នំ Alps ហើយចាប់តាំងពីពេលនោះមក អ្នកនយោបាយមួយចំនួនតែងតែលើកឡើងពីបញ្ហានេះ ប៉ុន្តែមួយរយៈចុងក្រោយនេះវាបានក្លាយជារឿងរ៉ាវកាន់តែធំឡើងៗ ទើបធ្វើឲ្យប្រទេសបារាំងបញ្ចេញប្រតិកម្មខ្លាំងៗ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបារាំងបានបញ្ជាក់ថា «ការលើកឡើងរបស់ក្រុមអ្នកនយោបាយអ៊ីតាលី គឺគ្មានភាពពិតជាក់ស្តែងនោះឡើយ តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ ការគ្មានកិច្ចព្រមព្រៀងរវាងគ្នានោះគឺជារឿងមួយ ប៉ុន្តែការយកទំនាក់ទំនងប្រទេសទាំងពីរយកមកធ្វើជាគោលដៅនៃការចំណេញសំឡេងឆ្នោតនោះ គឺជារឿងផ្សេងមួយទៀត...»។
គួរបញ្ជាក់តាមការអះអាងរបស់បារាំងថា ឧបនាយករដ្ឋមន្ត្រីពីររូបរបស់អ៊ីតាលី គឺលោក Matteo Salvini និងលោក Luigi Di Maio បានធ្វើការចោទប្រកាន់មកប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុង ថាជាអ្នកដុតបញ្ហាឲ្យឆេះរោលទៅវិញ។ បញ្ហាទាំងអស់នេះ ធ្វើឲ្យប្រទេសបារាំងបង្ហាញការងឿងឆ្ងល់ថា តើរដ្ឋាភិបាលអ៊ីតាលីកំពុងមានចេតនាអ្វីចំពោះបារាំង ឲ្យពិតប្រាកដ?