(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងដកកងទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសស៊ីរីនៅចុងខែមេសាខាងមុខនេះ បើទោះជាមានការ ព្រមានជាច្រើនថាការដកខ្លួននេះអាចនឹងធ្វើឱ្យក្រុម ISIS ប្រមូលកម្លាំងជាថ្មីឡើងវិញក៏ដោយ។ នេះបើតាម Wall Street Journal ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សារព័ត៌មានអាមេរិក Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់។ ដោយឡែកកាលពីថ្ងៃពុធ មន្ត្រីអាមេរិកម្នាក់ទៀត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា តំបន់ At Tanf នឹងក្លាយជាទីតាំងចុងក្រោយដែលកងទ័ពអាមេរិកត្រូវដកចេញ ប៉ុន្តែទន្ទឹមគ្នាមន្ត្រីរូបនេះបានបន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តធ្វើជាអ្នកផ្ដល់ជំនួយមនុស្សធម៌លេខមួយសម្រាប់ប្រទេសស៊ីរីដដែល។
គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសថានឹងកងទ័ពអាមេរិកជិត២,០០០នាក់ ចេញពីប្រទេសស៊ីរី ដោយសារតែក្រុម ISIS ត្រូវបានកម្ចាត់ទាំងស្រុង។ ប៉ុន្តែការសម្រេចចិត្តនេះទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់សម្ព័ន្ធមិត្តមួយចំនួនដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ខណៈអ្នកជំនាញជាច្រើន ព្រមានថាក្រុម ISIS នឹងកកើតឡើងជាថ្មីក្រោយកងទ័ពអាមេរិកត្រូវបានដកចេញ៕