(បាងកក)៖ ព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ជាព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សមួយ ដែលមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។ ព្រះនាងម្ចាស់ក៏ត្រូវបានគេចាត់ទុកផងដែរថា ជាគូប្រជែងដ៏សំខាន់របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតសកលដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ប្រធានគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) លោក ព្រីឆាផល ផុងផានីត (Preechaphol Pongpanit) បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា នឹងឈរជាឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី ខណៈអ្នកជំនាញខ្លះយល់ថា បេក្ខជនមកពីគណបក្សដទៃក្នុងនោះរួមមានទាំងលោក ប្រាយុទ្ធ នឹងមានការពិបាកក្នុងការប្រជែងជាមួយព្រះនាងម្ចាស់អង្គនេះ ពីព្រោះប្រជាជនថៃតែងមានជំនឿយ៉ាងមុតមាំ ទៅលើរាជវង្ស។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ Thai Raksa Chart ជាគណបក្សមួយដែលត្រូវបានគេមើលឃើញថា កំពុងដើរតាមគន្លងនយោបាយរបស់លោក Thaksin។
* តើស្រមោលរបស់លោក Thaksin កំពុងគ្របដណ្តប់លើការបោះឆ្នោតថៃ?
ជាអតីតមហាសេដ្ឋីទូរគមនាគមន៍ថៃម្នាក់ ដែលបានចូលរួមក្នុងឆាកនយោបាយកាលពីឆ្នាំ១៩៩០ លោក Thaksin បានទទួលការគំាទ្រយ៉ាងខ្លាំងប្រជាកសិករថៃ។ លោកបានរត់ភៀសខ្លួនទៅរស់នៅបរទេស ដើម្បីគេចពីការកាត់ទោសរបស់តុលាការ ដែលបានចោទប្រកាន់លោកពីបទរំលោភអំណាច បើទោះជាលោកបដិសេធក៏ដោយ។ ប៉ុន្តែតាមរយៈការចូលរួមប្រកួតប្រជែងរបស់គណបក្ស Thai Raksa Chart បានបង្កជាការសង្ស័យជាច្រើនថា លោក Thaksin នឹងត្រឡប់មកកាន់ប្រទេសថៃវិញ នៅក្នុងករណីព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ។
* តើព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា ជានរណា?
ព្រះនាងម្ចាស់ Ubolratana Rajakanya មានព្រះជន្ម ៦៧វស្សា គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit) ព្រមទាំងជាព្រះរាមរបស់ព្រះមាហាក្សត្រថៃបច្ចុប្បន្ន ព្រះបាទ មហា វ៉ាច្ចរ៉ាឡុង។ ព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិក ម្នាក់ ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen)។ ប៉ុន្តែបន្ទាប់ពីបានលែងលះជាមួយប្ដី នៅចុងឆ្នាំ១៩៩០ ព្រះនាងបានត្រឡប់មកកាន់ប្រទេសថៃ និងទទួលការតែងតាំងជាសែរាជវង្សវិញ។
បន្ថែមពីលើនេះ ព្រះម្ចាស់មានកិត្តិនាមល្បីល្បាញជាងព្រះអនុជរបស់ព្រះនាង នៅលើបណ្ដាញទំនាក់ទំនងសង្គម និងធ្លាប់បង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដថៃ និងទូរទស្សន៍រហូតដល់ Instagram ដែលមានអ្នកតាមដានជាង១០០,០០០នាក់។ ប្រការនេះបានបង្ហាញថា ប្រជាជនថៃជាច្រើនមានទស្សនវិជ្ជមាន ចំពោះព្រះរាមរបស់ស្តេចថៃអង្គនេះ ប៉ុន្តែសម្រាប់ការប្រឡូកឆាកនយោបាយបែបនេះគឺគ្រប់គ្នាមិនទាន់អាចស្មានដឹងពីជោគវាសនាបានឡើយ។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលថៃនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ហើយនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា ដែលស្មោះស្ម័គ្របំផុតនឹងរាជវង្ស ក៏បានប្រកាសចូលរួមក្នុងការប្រកួតប្រជែងនេះដែរ ប៉ុន្តែគឺស្ថិតនៅចំពេលដែលលោក កំពុងប្រឈមមុខបញ្ហាផ្សែងពុលក្នុងទីក្រុងបាងកក ដែលមិនទាន់ត្រូវបានរកដំណោះស្រាយនៅឡើយទេ៕
ប្រភព៖ សារព័ត៌មាន Bloomberg (ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩)