(វ៉ាស៊ីនតោន)៖ អាមេរិកកំពុងរៀបចំចេញបម្រាម មិនឲ្យសមាជិកនៃសភាធម្មនុញ្ញជាតិវេណេស៊ុយអេឡា ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកឡើយ។ នេះបើតាមការបញ្ជាក់ពី បេសកជនអាមេរិកទទួលបន្ទុកបញ្ហាវេណេស៊ុយអេឡា ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក អ៊ែលលីយ៉ូត អាប្រាម (Elliott Abrams) ដែលជាមន្រ្តីបេសកជនពិសេសរបស់អាមេរិកប្រចាំវេណេស៊ុយអេឡាបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមដាក់ចេញនូវបម្រាមទិដ្ឋាការ ក៏ដូចជាធ្វើការដកហូតនូវទិដ្ឋាការរបស់សមាជិក នៃសភាធម្មនុញ្ញមិនស្របច្បាប់របស់វេណេស៊ុយអេឡា ស្របពេលដែលអាមេរិកកំពុងព្យាយាមបង្កើនការដាក់សម្ពាធឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បង់ចោលអំណាច។
គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែមករា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា បន្ទាប់ពីលោក ម៉ាឌូរ៉ូ ទើបតែបានស្បថចូលបន្តកាន់អំណាច។ ជាការឆ្លើយតប លោក ម៉ាឌូរ៉ូ ក៏បានប្រកាសកាត់ផ្តាច់ចំណងការទូត និងនយោបាយជាមួយអាមេរិកចោលតែម្តង៕