(បាងកក)៖ គណៈកម្មការបោះឆ្នោតជាតិរបស់ថៃនៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ នឹងចាប់ផ្តើមដំណើរការពិនិត្យ និងចាត់វិធានការចំពោះ «គណបក្សថៃរក្សាជាតិ» ដែលបានប្រកាសតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ខណៈវាជាការបង្កឲ្យមានការភ្ញាក់ផ្អើលពីមហាជន និងការជំទាស់ពីសំណាក់ព្រះមហាក្សត្រថៃផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
សារព័ត៌មានខាងលើនេះបានបន្តទៀតថា ការចាត់វិធានការនោះ គឺអាចជាការរារាំងបក្សថៃរក្សាជាតិ មិនឲ្យចូលរួមឆាកនយោបាយ តបតាមការអំពាវនាវពីគណបក្សនយោបាយមួយ ដែលមានទំនោរគាំទ្ររបបយោធា ខណៈការបោះឆ្នោតសកលឡើងវិញនៅប្រទេសថៃ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ពីតំណែងនាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០១៤។
គួរបញ្ជាក់ថា ការតែងតាំងព្រះនាងម្ចាស់ Ubolratana ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សថៃរក្សាជាតិ ដែលត្រូវបានគេមើលឃើញថា អាចមានប្រជាប្រិយភាពខ្លាំងក្នុងការបោះឆ្នោតនោះ បានធ្វើឲ្យមហាជនក្នុងប្រទេសថៃចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយសារព័ត៌មានធំៗទូទាំងសកលលោក ក៏បានចុះផ្សាយជាបន្តបន្ទាប់ អំពីរបត់នយោបាយថ្មីមិនធ្លាប់នៅក្នុងប្រទេសថៃនេះផងដែរ។
ទោះបីជាបែបនេះក្តី ចាប់តាំងពីការប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ពីឆ្នាំ១៩៣២ មកទល់នឹងពេលបច្ចុប្បន្ននេះ ពុំដែលមានសែរាជវង្សជាន់ខ្ពស់ថៃណាមួយ ចេញមុខលេងនយោបាយនោះឡើយ ដូច្នេះហើយទើបការតែងតែងព្រះរាមរបស់ព្រះមហាក្សត្រថៃខាងលើនេះ បានបង្កឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ខណៈប្រទេសថៃបានល្បីល្បាញខាងធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីរិល រាប់ទសវត្សរ៍មកហើយ៕