(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី និងក្រុមហ៊ុនបារាំង បានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចសន្យាសំខាន់មួយខ្ទង់រាប់សិបពាន់លានដុល្លារ ដែលស្តីពីកម្មវិធីអភិវឌ្ឍន៍នាវាមុជទឹកនាពេលអនាគតរបស់ប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចសន្យាខាងលើដែលមានតម្លៃ ៥០ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង ៣៥.៥ពាន់លានដុល្លារអាមេរិក នឹងតម្រូវឲ្យក្រុមហ៊ុនផលិតនាវារបស់ប្រទេសបារាំង Naval Group ធ្វើការរចនាក៏ដូចជាផលិតនាវាមុជទឹកប្រភេទប្រយុទ្ធថ្មីចំនួន ១២គ្រឿង សម្រាប់កងទ័ពជើងទឹករបស់អូស្រ្តាលី ហើយនាវាមុជទឹកគ្រឿងដំបូងត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការបានឆាប់បំផុតនៅឆ្នាំ២០៣៤។
គួរជម្រាបថា ជាមួយគ្នានេះក្រុមហ៊ុនអាមេរិក Lockheed Martin ដែលឈានមុខខាងផលិតសព្វាវុធឲ្យយោធានោះ ត្រូវបានជ្រើសរើសឲ្យរចនា និងបំពាក់ប្រព័ន្ធសព្វាវុធឲ្យក្រុមនាវាមុជទឹកថ្មីរបស់អូស្រ្តាលី។ អូស្ត្រាលីគឺជាប្រទេសដីកោះធំបំផុតនៅលើពិភពលោក ដូច្នេះការពង្រឹងកងទ័ពជើងទឹករបស់ខ្លួន គឺជារឿងចាំបាច់បំផុតដែលត្រូវធ្វើមុនគេ៕