(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ទីក្រុងតេហេរ៉ង់នឹងធ្វើការសងសឹកទៅលើ​ក្រុម​ជន​ដៃ​​ដល់​ដែលបានធ្វើសកម្មភាពវាយប្រហារភេរវកម្មយ៉ាងប្រល័យនាពេលថ្មីៗនេះ មកលើ​កងការពារសន្តិសុខជាតិអ៊ីរ៉ង់។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បាននិយាយថា កងកម្លាំងយោធានិងការពារសន្តិសុខ​​​នៃ​ប្រទេស​អ៊ីរ៉ង់ ក្នុងពេលឆាប់ៗខាងមុខច្បាស់ជានឹងធ្វើការសងសឹកចំពោះករណីភេរវកម្មថ្មីៗកន្លងទៅនេះ ដែលធ្វើឡើងដោយ​​ភេរវជន​​ម្នាក់ ដែលបានធ្វើសកម្មភាពវាយប្រហារមកលើ​កងកម្លាំងឆ្មាំការពារជាតិអ៊ីរ៉ង់ IRGC នៅខេត្ត Sistan និង Baluchestan ​​​កាល​ពីថ្ងៃពុធសប្តាហ៍នេះ។

គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ IRGC កម្លាំងរបស់ខ្លួនយ៉ាងតិច២៧នាក់បានស្លាប់ និង​១៣នាក់​ទៀត​​បានរងរបួស នៅក្នុងវាយប្រហារខាងលើ ដែលត្រូវក្រុមឧទ្ទាម Jaish al-Adl Sunni នៅក្នុងប្រទេសប៉ាគីស្ថាន ចេញមុខអះអាង​ថាជាទង្វើរបស់ពួកគេ៕