(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក Benjamin Netanyahu បាននិយាយថាអ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ កំពុងស្ថិតនៅក្នុងការចរចាពីផលប្រយោជន៍រួមនៃសង្រ្គាមជាមួយអ៊ីរ៉ង់ នៅក្នុងបរិបទដែលទំនាក់ទំនងរវាងភាគីទាំង២ស្ថិតនៅក្នុង ដំណាក់កាលមួយដ៏ប្រសើរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ​នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះនៅអំឡុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ នៅថ្ងៃពុធសប្ដាហ៍នេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានគូសបញ្ជាក់នាឱកាសនោះដូច្នេះថា៖«ចាប់ពីឥលូវនេះទៅ ខ្ញុំនឹងពិភាក្សាជាមួយបណ្ដារដ្ឋមន្ត្រី​ការបរទេស និងបេសកជនពិសេសមកពី៦០ប្រទេសជុំវិញពិភពលោក...ហើយអ្វីដែលសំខាន់នោះគឺថាជំនួបនេះមិនមែនធ្វើឡើងជា​សំងាត់នោះទេ ពីព្រោះវាមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់ដែលនឹងអង្គុយចរចាជាមួយអ៊ីស្រាអែល ក្នុងគោលបំណងស្វែងរកផលប្រយោជន៍រួមពីសង្រ្គាមជាមួយអ៊ីរ៉ង់»។

គួរបញ្ជាក់ថា លោក Benjamin Netanyahu កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយស្ដីពីតំបន់មជ្ឈិមបូព៌ា ក្រោមការចូលរួមពីបណ្ដាថ្នាក់ដឹកនាំមកពីសហរដ្ឋអាមេរិក អារ៉ាប់ និងសហភាពអឺរ៉ុប៕